ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដោយបច្ចេកវិទ្យាថ្មី UF-MEMBRANដំបូងគេបំផុតត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពត

ដោយ៖ សុផារី

កំពត៖ អង្គភាពរដ្ឋាករទឹកខេត្តកំពត បានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRAN សាងសង់ដោយក្រុមហ៊ុនស៊ីនហូរ ក្រោមធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២នេះ។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE នេះ មានសមត្ថភាព៥ពាន់ម៉ែត្រគូប/ថ្ងៃ នៃអង្គភាពរដ្ឋាករទឹកខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២១ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងដោយចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង១១,៨%ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០។

លោកបានលើកឡើងថា ការអភិវឌ្ឍវិស័យទឹកស្អាតឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា “ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ”។

ជាក់ស្តែង ក្រសួងបានសហការជាមួយក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD និង MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO.,LTD ធ្វើការដំឡើងនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប UF-MEMBRANE ដែលមានសមត្ថភាពផលិត ៥.០០០ម៉ែត្រគូប/ថ្ងៃ បន្ថែមលើអាងប្រព្រឹត្តកម្មមានស្រាប់ក្នុងសមត្ថភាពផលិត ១៣.៥០០ម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតមានលទ្ធភាពបង្កើនសមត្ថភាពផលិតរហូតដល់ ១៨.៥០០ម៉ែត្រគូប/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ១៣.៥៧៥គ្រួសារ ស្មើនឹងប្រមាណ៨២,៣៦% នៃតំបន់សេវាកម្មរបស់ខ្លួនក្នុងក្រុងកំពត (៥សង្កាត់), ក្រុងបូកគោ (១សង្កាត់) និងមួយផ្នែកទៀតនៃស្រុកទឹកឈូ (៦ឃុំ)។

ក្រៅពីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏មានផែនការបន្តការសហការជាមួយក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០២៥ ខាងមុខនេះ ដោយបាននិងកំពុងពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ ដែលជាជំនួយរបស់ក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. និងការជួយសម្របសម្រួលពីក្រសួងបរិស្ថានលើបញ្ហាទីតាំងដីសម្រាប់សាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here