តើការធ្វើទីផ្សារដោយប្រើប្រាស់បុគ្គលល្បីល្បាញពិតជាទទួលបានផលសម្រាប់អាជីវកម្មពិតមែនឬ?

ដោយ៖ សុផារី

ភ្នំពេញ៖ Affiliate Marketing គឺជាយុទ្ធសាស្រ្តទីផ្សារដែលក្រុមហ៊ុនផ្តល់កម្រៃជើងសារដល់បុគ្គលដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គម (Influencer) ដើម្បីឱ្យពួកគេជួយធ្វើការផ្សព្វផ្សាយ និងលក់ផលិតផល ក៏ដូចជាសេវាកម្មនោះ។ ការសហការជាមួយ influencer សម្រាប់ការធ្វើទីផ្សារមានភាពពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារតែយុវវ័យភាគច្រើនចូលចិត្តតាមដានពីបុគ្គលល្បីទាំងនោះ ហើយរមែងធ្វើ ឬទិញអ្វីៗតាមរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធសាស្រ្តទីផ្សារមួយនេះផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងកម្លាំងច្រើន ពីព្រោះម្ចាស់អាជីវកម្មគ្រាន់តែធ្វើការទំនាក់ទំនងទៅកាន់បុគ្គលល្បី ឬតារាណាមួយដែលមានការគាំទ្រពីមហាជន ឬមានចំនួនអ្នកតាមដាន (follower) ច្រើននៅក្នុងបណ្ដាញសង្គម ដោយផ្តល់នូវប្រាក់កម្រៃ (Commission fee) នៅពេលដែលពួកគេជួយផ្សព្វផ្សាយសេវាកម្ម ឬលក់ផលិតផលនោះ។ ការផ្សព្វផ្សាយពីផលិតផលនោះអាចជាការសរសេរអត្ថបទ ការបង្ហោះ វីដេអូខ្លីៗ ការផ្សាយបន្តផ្ទាល់ (Live) ឬបង្ហោះពីការប្រើប្រាស់ផលិតផលនៅក្នុងសកម្មភាពប្រចាំថ្ងៃ (add story) ក្នុងគណនីបណ្តាញសង្គមរបស់ Influencer នោះជាដើម។

ការធ្វើទីផ្សារតាមរយៈបុគ្គលល្បីគឺជាយុទ្ធសាស្រ្តទីផ្សារមួយដែលល្អ និងកំពុងពេញនិយមសម្រាប់សហគ្រិនពីព្រោះវាផ្តល់នូវគុណសម្បត្តិដូចជា៖
• មានភាពបត់បែន និងមិនមានហានិភ័យខ្ពស់
• ចំណាយតិច (មិនត្រូវជួលក្រុមកាមេរ៉ា ឬស្ទូឌីយ៉ូសម្រាប់ថត ផ្តល់កម្រៃនៅពេលដែល Influencer លក់ផលិតផលដាច់)
• ងាយស្រួលធ្វើឲ្យមនុស្សជាច្រើនស្គាល់ពីរបស់ក្រុមហ៊ុន។

សុរបមក ការធ្វើទីផ្សារតាមរយៈបុគ្គលល្បីមានគុណប្រយោជន៍ច្រើន វាមិនត្រឹមតែធ្វើឲ្យយីហោផលិតផលរបស់អ្នកឆាប់ល្បីទេ ការចំណាយក៏មិនច្រើនខ្លាំងបើប្រៀបធៀបនឹងយុទ្ធសាស្ដ្រផ្សព្វផ្សាយធំៗផ្សេងទៀត។ យ៉ាងណាមិញ ក្រៅពីជ្រើសរើស Influencer ឲ្យចំគោលដៅ ម្ចាស់អាជីវកម្មក៏គួរតែធ្វើឲ្យប្រាកដចិត្តដែរថា ផលិតផល ឬសេវាកម្មរបស់ខ្លួនមិនមានផលប៉ះពាល់ ឬខូចខាតដល់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here