ស្វែងយល់ពីតួអង្គសំខាន់ៗចំនួន៤ក្នុងទីផ្សារមូលបត្រនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: ទីផ្សារមូលបត្រត្រូវបានបង្កើតឡើងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុស៊ីជម្រៅ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ ទីផ្សារទាំងមូលអាចដំណើរការទៅបានដោយមានវត្តមាននៃតួអង្គ ៤ សំខាន់ៗជាសារវន្ត រួមមាន ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ អន្តរការីមូលបត្រ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន ទាំងក្នុងនិងក្រៅស្រុក។

ខាងក្រោមនេះគឺជាតួអង្គសំខាន់ៗទាំង៤ក្នុងទីផ្សារមូលបត្រមានដូចជា:

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure)៖ សំដៅដល់បទដ្ឋានគតិយុត្តផ្សេងៗ ដូចជា ច្បាប់ បទប្បញ្ញត្តិ ដែលបង្កើតឡើងដោយនិយតករមូលបត្រ ដើម្បីគ្រប់គ្រងទីផ្សារមូលបត្រ ឱ្យមានប្រសិទ្ធភាព សមធម៌ តម្លាភាព និងសណ្តាប់ធ្នាប់។ ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ គឺសំដៅដល់ប្រព័ន្ធជួញដូរ រក្សាទុក និងផាត់ទាត់និងទូទាត់មូលបត្រផងដែរ។ នាពេលបច្ចុប្បន្ននេះ មូលបត្រត្រូវបានកត់ត្រារក្សាទុកនិងជួញដូរ នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រទាំងអស់។

នៅកម្ពុជា និយ័តករមូលបត្រ ដែលបង្កើតបទដ្ឋានគតិយុត្តទីផ្សារមូលបត្រនោះ គឺ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ចំណែកឯប្រព័ន្ធជួញដូរ រក្សាទុក និងផាត់ទាត់ និងទូទាត់មូលបត្រ ត្រូវបានផ្តល់ដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

២. អន្តរការី (Intermediary)៖ អន្តរការី មានតួនាទីជួយសម្របសម្រួល ផ្តល់ប្រឹក្សាជូនដល់ក្រុមហ៊ុន ដែលមានបំណងចង់បោះផ្សាយលក់មូលបត្រ ព្រមទាំងធានាឱ្យបាននូវការបោះផ្សាយលក់មូលបត្រ ដែលប្រកបដោយជោគជ័យ។ ជាពិសេស អន្តរការីធ្វើការទំនាក់ទំនង ផ្តល់ប្រឹក្សា ក៏ដូចជាផ្តល់មធ្យោបាយជួញដូរដល់វិនិយោគិន ផងដែរ។ បើគ្មានអន្តរការីនោះទេ នោះពុំមានស្ពានតភ្ជាប់ក្រុមហ៊ុនបោះផ្សាយ ទៅកាន់និយតករ និងផ្សារមូលបត្រនោះឡើយ ហើយក៏គ្មានអ្នកទាក់ទាញវិនិយោគិន ទិញមូលបត្រជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ នោះដែរ។

៣. ក្រុមហ៊ុនបោះផ្សាយ (Issuer)៖ តួអង្គសំខាន់បំផុតមួយទៀត នៅក្នុងទីផ្សារមូលបត្រ គឺក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ព្រោះប្រសិនបើគ្មានក្រុមហ៊ុនបោះផ្សាយទេ ក៏គ្មានមូលបត្រសម្រាប់លក់ និងជួញដូរនៅទីផ្សារដែរ។ តួនាទីដ៏សំខាន់របស់ទីផ្សារមូលបត្រ គឺជួយផ្តល់ដើមទុនបន្ថែមដល់ក្រុមហ៊ុនបោះផ្សាយ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

៤. វិនិយោគិន (Investor)៖ វិនិយោគិនជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គទាំងបួន ព្រោះបើគ្មានវិនិយោគិន ក៏ការបោះផ្សាយលក់ និង/ឬ ជួញដូរមូលបត្រមិនជោគជ័យដែរ។ វិនិយោគិន សំដៅដល់សាធារណជនទូទៅ ឬស្ថាប័នដែលបានទិញមូលបត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here