ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ចិនជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា ក៏ប៉ុន្តែបើក្រលេកមើលទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនមានទំហំតិចតួចនៅឡើយ ក្នុងនោះចិននាំចូលមកកម្ពុជាជាង៧ពាន់លានដុល្លារអាមេរិក ហើយកម្ពុជានាំចេញទៅប្រទេសចិនមានទឹកប្រាក់ប្រមាណត្រឹមតែ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនបានពឹងផ្អែកទៅលើចិនទាំងស្រុកនោះទេ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការពិតទៅ ពាក្យដែលគេនិយាយថាកម្ពុជាពឹងលើចិនទាំងស្រុងវាមិនមែនមានន័យបែបនោះទេ។ យើងក្រលេកទៅមើលការនាំចេញ តើកម្ពុជានាំចេញទៅណាខ្លះ? កម្ពុជានាំចេញទៅចិនមានទំហំតិចតួចទេ តែកម្ពុជានាំចេញទៅអឺរ៉ុបនិងអាមេរិកច្រើន ហើយកម្ពុជាក៏បានបើកច្រកទីផ្សារទៅកូរ៉េខាងត្បូង ទៅចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកទីផ្សារទៅកាន់ប្រទេសជប៉ុន។
លោកថា ”ទីផ្សារធំមួយទៀតរបស់កម្ពុជាគឺទីផ្សារអាស៊ានខ្លួនឯងគឺធំណាស់ ដូច្នេះមិនមែនពឹងលើចិនទាំងស្រុងទេ តែអ្វីដែលកម្ពុជាទទួលបានពីចិនមកវិញគឺវត្ថុធាតុដើម ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាព ផលិតវត្ថុធាតុដើមបាន ដូច្នេះក៏នាំពីចិនហើយផលិតកែច្នៃនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសវិញ ”។
លោកបណ្ឌិតបន្តថា កម្ពុជាត្រូវការវិនិយោគពីប្រទេសចិន ពីព្រោះចិនជាប្រទេសដែលមានសេដ្ឋកិច្ចដើរមុនកម្ពុជា ហើយនៅពេលចិនកាន់តែរីកចម្រើនគេក៏ងាកផលិតនូវទំនិញណា ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាការផលិតរថយន្ត គ្រឿងអេឡិចត្រូនិកធំ និងសព្វាវុធជាដើម ហើយក៏ទំលាក់ឧស្សាហកម្មណាដែលមានតម្លៃទាបមានដូចជាគ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិកតូចមកកម្ពុជា ដែលគេមើលទៅថាកម្ពុជាត្រូវពឹងទៅលើចិន តែតាមពិតទៅវាជារបត់នៃសេដ្ឋកិច្ច នៅពេលគេកាន់តែធំ គេនឹងទម្លាក់ឧស្សាហកម្មតូចៗទៅប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាដែរ។
លោកបណ្ឌិតបន្ថែមថា កាលពីមុនចិនរីកចម្រើន ចិនក៏ទទួលបានការវិនិយោគពីបរទេសដែរ ដូចជាពីអាមេរិក កូរ៉េខាងត្បូង ហើយនៅពេលចិនលូតលាស់ខ្លាំងក៏ផ្លាស់ប្តូរទៅប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា។ នេះគឺជារបត់នៃផលិតកម្ម មិនមែនជាការពឹងផ្អែកទៅលើប្រទេសចិននោះទេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនទើបតែបានចូលជាធរមានកាលពីថ្ងៃទី១ មករា ២០២២នេះ ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជារំពឹងលើការនាំចេញបន្ថែមទៀតទៅកាន់ប្រទេសដោយឥតគិតពន្ធ ហើយចិននាំមកកម្ពុជាក៏អត់គិតពន្ធដូចគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជានិងចិនកាន់តែមានកំណើនមួយកម្រិតទៀតផងដែរ៕