ដោយ: ម៉ាលីស
ភ្នំពេញ: មហាសេដ្ឋីដែលធ្លាប់តែមានសេរីភាពផ្នែកហិរញ្ញវត្ថុមានភាពសប្បាយរីករាយ និងអាចបំពេញសេចក្តីត្រូវការរបស់ខ្លួនបានច្រើនអនេកនៅក្នុងជីវិត ក៏អាចធ្លាក់ក្នុងសភាពត្រូវអស់ប្រាក់ចាយវាយពីហៅប៉ៅយ៉ាងមិនអស់ចិត្តដែរ។ ទាំងនេះមិនមែនជារឿងចៃដន្យទេ ពួកគាត់អាចប្រើប្រាស់ប្រាក់របស់ខ្លួនមិនសមស្របនិងត្រឹមត្រូវ និងមានទម្លាប់ខ្ជះខ្ជាយលុយមួយចំនួន បើទោះអ្នកមានខ្លាំងបំផុតក៏ត្រូវក្ស័យធុនដែ ដែលមានដូចជា៖
១. មិនតាមដានពីការចំណាយរបស់ខ្លួន: ការមើលមិនឃើញពីសារៈសំខាន់នៃការតាមដានកត់សម្គាល់ពីការចំណាយជាប្រចាំរបស់ខ្លួននោះ និងស្ទើរតែមិនអាចប្រាប់អ្នកបានផងថា រាល់ការចំណាយរបស់ពួកគេបានចាយវាយទៅលើអ្វីខ្លះ។ពួកគេមើលរំលងមិនត្រួតពិនិត្យទៅលើការចំណាយ កំបុិកកំប៉ុក ដូចជាការបរិភោគអាហារនៅតាមហាង ការដើរផ្សារទិញឥវ៉ាន់ជាដើម ដើម្បីបញ្ចាក់មើលថា តើមានការគិតលុយច្រឡំឬអត់ ដោយទោះជាការចំណាយបន្តិចបន្តួចពិតមែនតែនៅពេលរឿងបែបនេះកើតឡើងដោយការធ្វេសប្រហែសច្រើនដងនោះវានឹងអាចបង្កជាបញ្ហាធំរាលដាលដល់ បញ្ហា ហិរញ្ញវត្ថុរបស់ពួកគេទៅថ្ងៃមុខដែលមិនអាចរំពឹងទុកបាន។
២. ទិញរបស់ប្រើប្រាស់ថ្លៃៗ និងទិញតាមអារម្មណ៍របស់ខ្លួន៖ ការប្រើអារម្មណ៍របស់ខ្លួនជាអ្នកតម្រង់ទិសទៅលើការចាយវាយ ដូចជានៅពេលអារម្មណ៍មិនល្អ ពួកគេនឹងចំណាយច្រើននូវសម្ភារៈថ្លៃៗ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹងរបស់ខ្លួន ដែលការចំណាយតាមអារម្មណ៍បែបនេះនាំពួកគេឲ្យដកលុយពីហោប៉ៅយ៉ាងច្រើនដោយមិនដឹងខ្លួន និងហេតុនាំឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេ មិនយូរមិនឆាប់នោះឡើយ។ ខុសពីមហាសេដ្ឋីផ្សេងទៀតដែរទោះជាដំណាក់កាលនៃជីវិតរបស់ពួកគេមានប្រាក់ចាយវាច្រើនក៏ដោយ ក៏ពួកគេនៅតែប្រកាន់ភ្ជាប់នូវគំនិតសន្សំសំចៃទៅលើការចំណាយរបស់ខ្លួនដែរ។
៣. មិនមានចរន្តប្រាក់ចំណូលច្រើនផ្លូវ៖ ការមានចរន្តប្រាក់ចំណូលច្រើនផ្លូវពិតជាផ្ដល់ប្រយោជន៍ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អប្រសើរ ព្រោះថានៅពេលកត្តាខាងក្រៅតែមិនអាចស្មានដឹងទុកមុន អាចកើតឡើងដូចជាការធ្លាក់ចុះនៃប្រពន្ធសេដ្ឋកិច្ចជាដើម នៅពេលចរន្តប្រាក់មួយរបស់អ្នកមានបញ្ហា អ្នកនៅមានចរន្តប្រាក់ផ្សេងទៀត ដទៃទៀតមកជួយទប់ជ្រែងដល់ ចរន្តប្រាក់ដែលកំពុងមានបញ្ហានោះបាន ដែលចំណុចនេះគឺជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយ។
៤. ជាវិនិយោគិន ដែលខ្វះនូវភាពអត់ធ្មត់៖ ផ្ទុយពីវិនិយោគិនដែលមានចក្ខុវិស័យវែងឆ្ងាយនិងគ្រប់គ្រងរបស់ខ្លួនបានល្អ មហាសេដ្ឋីប្រភេទនេះ ធ្វើការវិនិយោគដោយផ្អែកទៅតាមអារម្មណ៍របស់ខ្លួន ហើយដកភាគហ៊ុនរបស់ខ្លួនយ៉ាងភ័យស្លន់ស្លោ នៅពេលបញ្ហាងើបមុខឡើងមក។ ម្យ៉ាងទៀតដោយសារយល់ថា ខ្លួនមានភាពជោគជ័យក្នុងការបង្កើតឡើងមកឯងនៅមកហើយនោះ មិនត្រូវការពាក្យណែនាំ របស់អ្នកជំនាញនោះទេ ហើយចចេស រឹងរុសដើរតាម ផ្លូវដ៏ឆ្លាតវៃរបស់ខ្លួន ឬជាជំនឿខុសឆ្គងដែលគ្មានភ័ស្តុតាងជាក់ស្តែងមកបញ្ជាក់៕