ក្រុមហ៊ុនមួយវិនិយោគសាងសង់ឃ្លាំងត្រជាក់ធំមួយក្នុងតំបន់កំពង់ផែស្វយ័តភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED បានចុះកិច្ចព្រមព្រៀង ស្តីពីការជួលដី និងការគ្រប់គ្រង ប្រតិបត្តិការឃ្លាំងត្រជាក់ នៅចំណតផែកុងតឺន័រ ក្នុងគោលបំណងផ្តល់សេវាកម្មផ្ទេរផ្ទុក និងស្តុកទំនិញត្រជាក់រយៈពេលវែង និងរយៈពេលខ្លី។

សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះថា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល១៤ឆ្នាំ និង១១ខែ ដោយគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០៣៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឃ្លាំងត្រជាក់របស់ក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED “KCCC” នឹងសាងសង់លើផ្ទៃដីទំហំ១២៣៨០ម៉ែត្រការ៉េ ស្ថិតនៅចំណតផែកុងតឺន័រ LM១៧ របស់ កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រុមហ៊ុននឹងផ្តល់សេវាកម្មស្តុកទុកទំនិញ ត្រជាក់ តាមស្តង់ដារអន្តរជាតិ ទាំងការស្តុកទុកទំនិញ រយៈពេលវែង និងរយៈពេលខ្លី។ ក្រុមហ៊ុន ក៏មានសេវាកម្មផ្សេងទៀត ដូចជា សេវាកម្មធ្វើឱ្យត្រជាក់រហ័ស សេវាកម្មវេចខ្ចប់ និងដាក់ស្លាកសញ្ញា សេវាកម្មអនាម័យ និងភូតគាមអនាម័យ ការជ្រើសរើសនិងចែកចាយដោយផ្ទាល់តាមហាង។

ការប្រតិបត្តិការឃ្លាំងផ្ទេរផ្ទុកទំនិញត្រជាក់នេះ នឹងផ្តល់សេវាកម្មភ័ស្តុភារកម្ម ដែលអាចគ្រប់គ្រងសីតុណ្ណភាព Temperature Controlled Logistics (TCD) និងជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិដូចជា ជួយផ្តល់ឱកាស ការងារដល់ប្រជាជននៅកម្ពុជា។

លើសពីនោះទៀត នឹងជំរុញឱ្យមានកំណើនកុងតឺន័រត្រជាក់បន្ថែមទៀត ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាជួយបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ជាពិសេសកសិករក្នុងតំបន់ កសិឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃម្ហូបអាហារក្រុមហ៊ុនឱសថ និងអាជីវកម្មបដិសណ្ឋារកិច្ច រួមមាន សណ្ឋាគារ/ភោជនីយដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here