ដោយ៖ សុផារី
ភ្នំពេញ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងធនាគារ Exim Bank ឥណ្ឌា បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃកម្ចីឥណទាន ដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីទាក់ទងនឹងការស្នើសុំកម្ចីឥណទានដល់ក្រសួងស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលានេះផ្តោតជាសំខាន់លើដំណើរការរៀបចំសំណើឥណទានកម្ចី គោលការណ៍ណែនាំនៃគម្រោងជំនួយអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឥណ្ឌា(IDEAS) នីតិវិធីនៃការធ្វើលទ្ធកម្ម បទពិសោធន៍បណ្តា ប្រទេសមួយចំនួនក្នុងការរៀបចំសំណើសុំកម្ចីឥណទានរបស់ឥណ្ឌា នីតិវិធីស្តង់ដានៃការរៀបចំសំណើគម្រោង និងលក្ខខណ្ឌនៃការផ្តល់កម្ចីឥណទាន។
ជំនួយអភិវឌ្ឍន៍ក្នុងទម្រង់ជាឥណទានប្រាក់កម្ចីសម្បទាន (LOCs) របស់រដ្ឋាភិបាលឥណ្ឌា ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឥណ្ឌា(IDEAS) តាមរយៈធនាគារ Exim Bank ឥណ្ឌា ផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវថ្នល់ និងកំពង់ផែ ការបង្កើត និងចែកចាយថាមពលអគ្គិសនី កសិកម្មនិងប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្មផលិត ការថែទាំសុខភាព ការអប់រំ និងការកសាងសមត្ថភាព ក្នុងគោលបំណងដើម្បីពន្លឿនកំណើន និងការអភិវឌ្ឍក្នុងតំបន់ លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងជំរុញពាណិជ្ជកម្ម។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរក និងទទួលបានប្រាក់កម្ចីពីបណ្តាប្រទេសផ្សេងៗក្រៅពីប្រទេសឥណ្ឌា។ លោកបានបង្ហាញសុទិដ្ឋិនិយមថា សិក្ខាសាលានេះនឹងផ្តល់ឱកាសឱ្យកម្ពុជាបានស្វែងយល់បន្ថែមពីរបៀបធ្វើការជាមួយប្រទេសឥណ្ឌា ដើម្បីទទួលបានកម្ចីឥណទានមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
តំណាង Exim Bank បានលើកឡើងជាឧទាហរណ៍នូវបទពិសោធន៍អំពីដំណើរការនៃការស្នើសុំ និងការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យ។ មន្រ្តីតំណាង Exim Bank ក៏បានឆ្លើយតបទៅនឹងសំនួររបស់សិក្ខាកាមមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ទាក់ទងទៅនឹងព័ត៌មានអំពីគម្រោងការនានាដែលបានអនុវត្តរួចមកហើយនៅកម្ពុជា វិស័យផ្សេងៗដែលអាចស្នើសុំការរៀបចំ Concept Project ឬសំណើគម្រោង ពេលវេលា ការសិក្សាគ្រាដំបូង ការសិក្សាសមិទ្ធិលទ្ធភាព កាលបរិច្ឆេទ និងលក្ខណៈវិនិច្ឆ័យនៃគម្រោង។ល៕