៤ចំណុចជួយពង្រឹងកម្លាំងស្នូលនៃអាជីវកម្មឱ្យរីកចម្រើនទៅមុខ

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការអាជីវកម្មទាំងមូលមានដំណើរការរលូនល្អ អាជីវកម្មត្រូវតែរឹងមាំទៅលើប្រតិបត្តិការទាំងផ្នែកខាងក្នុង រួមមាន បុគ្គលិក ការគ្រប់គ្រង ប្រតិបត្តិការហិរញ្ញវត្ថុ និងខាងក្រៅ ដូចជា ទំនាក់ទំនង បណ្ដាញជាមួយអតិថិជន និងដៃគូសហការ។

ក្នុងករណី ការគ្រប់គ្រងផ្នែកខាងក្នុងមានភាពទន់ខ្សោយ និងជួបបញ្ហាច្រើន វានឹងអាចទាញដល់ការប៉ះពាល់ដល់ប្រតិបត្តិការខាងក្រៅបាន។ ចំណុចមួយចំនួនខាងក្រោមនឹងជួយជាគំនិតសម្រាប់ការពង្រឹងអាជីវកម្មរបស់លោកអ្នកបាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ពង្រឹងសមត្ថភាពបុគ្គលិក
ម្ចាស់អាជីវកម្មអាចព្យាយាមកត់សម្គាល់នូវភាពប៉ិនប្រសប់របស់បុគ្គលិកម្នាក់ៗ ដើម្បីដាក់ការងារឱ្យចំជំនាញរបស់ពួកគេ នោះប្រសិទ្ធផលការងារនឹងមានការកើនឡើងច្រើនជាងមុន ហើយបញ្ហាប្រតិបត្តិការមួយចំនួននឹងកាត់បន្ថយ។ ប្រសិនបើសង្កេតឃើញមាននរណាម្នាក់ ឬក្រុមទាំងមូលខ្វះចំណេះដឹងមូលដ្ឋានគ្រឹះណាមួយ ម្ចាស់អាជីវកម្ម គួរពង្រឹងនូវសមត្ថភាពបុគ្គលិក តាមរយៈការហ្វឹកហាត់ ការបង្រៀន និងការចែករំលែកនូវចំណេះដឹងថ្មីៗជាប្រចាំជាមួយគ្នា ដើម្បីអាចឱ្យពួកគេជួយកត់សម្គាល់បញ្ហាក្នុងអាជីវកម្ម និងអាចជួយគ្នាដោះស្រាយបាន។

២. គ្រប់គ្រងប្រតិបត្តិការខាងក្នុង
រាល់ប្រតិបត្តិការនានា មានដូចជា ឯកសារហិរញ្ញវត្ថុ គម្រោង រចនាសម្ព័ន្ធគ្រប់គ្រង និងសវនកម្មទាំងនោះ គួរបែងចែកអ្នកគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាពិសេស ម្ចាស់អាជីវកម្មគួរមានរបៀបនៃការធ្វើការជាក់លាក់ ដើម្បីបង្កភាពងាយស្រួលក្នុងការតាមដាននូវការវិវឌ្ឍនរបស់អាជីវកម្ម ថាវាទៅមុខ ឬថយក្រោយ ឬមិនប្រែប្រួល ហើយវាក៏ជួយក្នុងការបង្កើតគោលការណ៍គ្រប់គ្រងល្អមួយផងដែរ។

៣. ប្រតិបត្តិការវាយតម្លៃហានិភ័យ
បន្ទាប់ពីបានត្រួតពិនិត្យនូវរាល់ប្រតិបត្តិការក្នុងអាជីវកម្មហើយ ម្ចាស់អាជីវកម្មអាចធ្វើការវាយតម្លៃថា ផ្នែកណានៃអាជីវកម្មដែលមានហានិភ័យខ្ពស់ ដើម្បីស្វែងរកវិធានការឲ្យមានប្រសិទ្ធភាព និងចៀសវាងមានបញ្ហាណាមួយកើតឡើងប៉ះពាល់ដល់ប្រតិបត្តិការទាំងមូល។

៤. ត្រួតពិនិត្យគ្រប់របាយការណ៍អាជីវកម្ម
ត្រួតពិនិត្យនូវរាល់របាយការណ៍ពាក់ព័ន្ធនឹងអាជីវកម្មទាំងអស់ ព្រោះវានឹងជួយឲ្យដឹងពីបច្ចុប្បន្នភាពរបស់អាជីវកម្ម ជាពិសេសគឺរបាយការណ៍ហិរញ្ញវត្ថុទាំងក្នុង-ក្រៅ ចំណូល ចំណាយ គម្រោងប្រើប្រាស់ហិរញ្ញវត្ថុ ដែលវានឹងជួយក្នុងការសម្រេចចិត្តប្រើប្រាស់ហិរញ្ញវត្ថុឲ្យស្របនឹងស្ថានភាពជាក់ស្ដែងរបស់ស្ថាប័ន។

ជារួម អាជីវកម្មនីមួយៗមិនថាតូច ឬធំ ជាប្រភេទផលិតផលទំនិញ ឬសេវាកម្មឡើយ សុទ្ធតែចាប់ផ្ដើមពីភាពរឹងមាំនៃកម្លាំងស្នូលដែលមានទាំងមនុស្ស និងប្រព័ន្ធគ្រប់គ្រង នោះទើបប្រតិបត្តិការទាំងអស់មានការអភិវឌ្ឍ ទោះមិនរលូនល្អ ក៏មិនដើរថយក្រោយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here