ដោយៈ សុធារី
ភ្នំពេញៈ រោងចក្រមួយចំនួន ដែលជាសមាជិករបស់សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ កំពុងតែខ្វះកម្លាំងពលកម្មដើម្បីបំរើការងារនៅក្នុងផ្នែកផលិ ដូច្នេះសមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្ម សម្រាប់បម្រើការងារនៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ។

នេះបើតាមការបញ្ជាក់របស់ លោក លឹម តុង ប្រធានសមាគមសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ក្នុងជំនួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីក្រសួង ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងដំណើរការសកម្មភាព ការងាររបស់ សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។
លោក លឹម តុង ប្រធានសមាគម បានមានប្រសាសន៍ថា សមាគមនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើអោយសមាគមមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១នេះ។ លោកក៏បានស្នើសុំក្រសួង ដោយឱ្យមានអ្នកតំណាងរបស់សមាគម មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ សិក្ខាសាលា និងវេទិការនានារបស់រដ្ឋាភិបាល ដើម្បីសមាគមអាចមានលទ្ធភាព ធ្វើការផ្សព្វផ្សាយបន្តទៅកាន់សមាជិកទាន់ពេលវេលា និងអាចបង្កើនទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុនវិនិយោគ បង្កើតរោងចក្រ ដើម្បីផ្តល់ការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
លោកមានប្រសាសន៍ថា “រោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្ម ដើម្បីបំរើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនេះផងដែរ ដូច្នេះ សមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារ នៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ”។
ជាការឆ្លើយតប លោក អ៊ិត សំហេង បានលើកឡើងថា ការបង្កើតសមាគមនេះ វាជាយន្តការមួយក្នុងការ ចូលរួមជាមួយអ្នកវិនិយោគ និងវេទិការបស់រាជរដ្ឋាភិបាល និងក៏ជាការចូលរួមចំណែក លើការសម្របសម្រួលក្នុងក្របខណ្ឌត្រីភាគី អនុវត្តតាមបទដ្ឋានការងារ កាតព្វកិច្ចរបស់រោងចក្រ អត្ថប្រយោជន៍របស់កម្មករ និងការដោះស្រាយវិវាទការងារជាដើម។

បញ្ហាប្រឈមកង្វះកម្លាំងពលកម្ម របស់រោងចក្រមួយចំនួនរបស់សមាគម លោករដ្ឋមន្ត្រី បានស្នើសមាគម សហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្ម ផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រទាំងនោះ។ សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់ តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេលដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ៕







