ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រុមហ៊ុន W&K របស់សាធារណរដ្ឋកូរ៉េ មានមហិច្ចតាចង់ឱ្យកម្ពុជា ក្លាយជាប្រទេសឈានមុខ លើសេដ្ឋកិច្ចបែបឌីជីថលនិងវិស័យបច្ចេកវិទ្យាប្លុកឆែន ស្របទៅនឹងបរិបទពិភពលោកក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្មទី៤។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចេកវិទ្យាឌីជីថល និងប្លុកឆែនកាលពីពេលថ្មីៗនេះ លោក ណា ចុងស៊ិក ប្រធានសមាគមប្លុកឆែនរបស់ប្រទេសកូរ៉េ និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន W&K មានប្រសាសន៏ថា កម្ពុជាកំពុងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ប៉ុន្តែពុំទាន់មានបច្ចេកវិទ្យា Block Chain នៅឡើយនោះទេ។
លោកបន្តថា ប្រសិនបើយើងអាចចាប់ផ្ដើមមុនគេ ការចាប់យកបច្ចេកវិទ្យាទាំងនេះ ជាពិសេសបច្ចេកវិទ្យា Block Chain នោះយើងនឹងមានឱកាសទទួលបាននូវចំណែកទីផ្សារដ៏ធំចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។
លោកថា បច្ចេកវិទ្យា Blockchain មិនត្រឹមតែជាបច្ចេកវិទ្យាបង្កើតឡើងដំបូងដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋានក្នុងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រមិនអាចកែប្រែបាននោះទេ ប៉ុន្ដែជាខ្សែស្រឡាយបណ្តុំព័ត៌មាន ប្រទាក់ក្រឡាគ្នា នៅក្នុងសំណុំកុំព្យូទ័រ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យបញ្ជីទិន្នន័យនៃកុំព្យូទ័រ ដោយអ្នកប្រើប្រាស់ពីម្នាក់ទៅម្នាក់ ដែលអាផ្ទុកទិន្នន័យបានធំ និងមានសុវត្ថិភាពខ្ពស់។
លោក កាង ចេហូ អគ្គនាយកក្រុមហ៊ុន W&K បានបញ្ជាក់ថា ទស្សនវិស័យរបស់ក្រុមហ៊ុន គឺផ្ដល់ជូននូវសេវាកម្មបែបបច្ចេកវិទ្យាសម័យទំនើប ជាពិសេសគឺបច្ចេកវិទ្យាប្លុកឆែន និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កើនចំណេះដឹង និងជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ។
តាមរយៈចក្ខុវិស័យនេះ ក្រុមហ៊ុនមានបេសកកម្មស្នូលចំនួន៣សំខាន់ៗគឺ ១. ផ្ដល់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលា ២. ផ្តោតលើការអភិវឌ្ឍន៍ចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី (ប្លុកឆែន) តាមរយៈការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយ ចែករំលែកដល់ប្រជាជនកម្ពុជា សម្រាប់ជ័យសហគមន៍ឱ្យមានជីវភាប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គម និង ៣. សមាហរណកម្មបច្ចេកវិទ្យា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជាឱ្យមានភាពរីកចម្រើន និងផ្សារភ្ជាប់កម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយ និងការធ្វើសមាហរណកម្មបច្ចេកវិទ្យានាយុគសម័យឌីជីថល ៤.០ លើឆាកអន្ដរជាតិ៕