Bitcoin អាចហក់ឡើងថ្លៃជាងមាស ដោយ មាន តម្លៃ រហូតដល់១សែន ដុល្លារក្នុង មួយកាក់

ដោយ៖ សុខុម

អន្តរជាតិ៖ រូបិយប័ណ្ណឌីជីថល Bitcoin នឹងបន្តដណ្ដើមចំណែកទីផ្សារពីមាសយ៉ាងស្វិតស្វាញ ស្របពេលការប្រើប្រាស់រូបិយប័ណ្ណឌីជីថលកាន់តែទូលំទូលាយ ហើយ Bitcoin អាចនឹងហក់ឡើងថ្លៃរហូតដល់ទៅ១០០.០០០ដុល្លារអាមេរិក ក្នុងមួយកាក់នៅថ្ងៃខាងមុខ។ នេះបើយោងតាមក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាមេរិក Goldman Sachs Group។

Goldman បានប៉ាន់ប្រមាណថា តម្លៃទីផ្សាររបស់ Bitcoin គឺខ្វះតែបន្តិចឈានដល់៧០០ពាន់លានដុល្លារអាមេរិកហើយ។ ចំនួននោះគឺគ្របដណ្ដប់២០%នៃទីផ្សារ Bitcoin និងមាសដែលគេស្គាល់ថាទីផ្សារ “Store of Value”។ តាមការប៉ាន់ប្រមាណថា តម្លៃមាសដែលមានសម្រាប់ការវិនិយោគគឺមានចំនួន២,៦ពាន់ទ្រីលានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zach Pandl សហប្រធានផ្នែកទីផ្សារមូលបត្រពិភពលោក និងយុទ្ធសាស្រ្តទីផ្សាររីកចម្រើនឆាប់រហ័ស បានលើកឡើងកាលពីថ្ងៃអង្គារ ទី៤ ខែមករាថា ប្រសិនបើចំណែករបស់ Bitcoin នៃទីផ្សារ “Store of Value” កើនឡើងដល់៥០%នៅរយៈពេល៥ឆ្នាំក្រោយ តម្លៃរបស់វានឹងកើនឡើងលើស១០០.០០០ដុល្លារអាមេរិក ក្នុងមួយកាក់ជាមួយនឹងអត្រាចំណេញពី១៧%ទៅ១៨%ក្នុងមួយឆ្នាំ។

Bitcoin ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៤៦.០០០ដុល្លារអាមេរិក ក្នុងមួយកាកកាលពីថ្ងៃអង្គារ ទី៤ ខែមករា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីបានហក់ឡើងប្រមាណ៦០%កាលពីឆ្នាំ២០២១។ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោក បើគិតពីតម្លៃលើទីផ្សារ បានហក់ឡើងថ្លៃរហូតជិតដល់៦៩.០០០ដុល្លារអាមេរិក កាលពីខែវិច្ឆិកា ប្រមាណ៤.៧០០%ចាប់តាំងពីឆ្នាំ២០១៦មក។

លោក Zach Pandl បានបន្ថែមទៀតថា ទោះបីជាស្ថាប័ននានាមិនសូវប្រើប្រាស់ Bitcoin យ៉ាងណាក្ដី ក៏តម្រូវការរូបិយប័ណ្ណឌីជីថលមួយនេះនៅតែបន្តកើនឡើងជាលំដាប់។ ជាយូរមកហើយដែលរូបិយប័ណ្ណឌីជីថល Bitcoin ត្រូវបានគេហៅថាមាសឌីជីថល (Digital Gold)៕

LEAVE A REPLY

Please enter your comment!
Please enter your name here