មជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលដាក់ឱ្យដំណើរការហើយ

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Digital Government Cooperation Center – DGCC) និងបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដំណើរការលំហូរការងារសម្រាប់អភិវឌ្ឍប្រព័ន្ធឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ចំនួនប្រមាណ២៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Zoom)។

DGCC ជាមជ្ឈមណ្ឌលសម្រាប់ការគាំទ្រគម្រោងសហប្រតិបត្តិការឌីជីថលរួមរវាងកម្ពុជានិងកូរ៉េ ផ្ដល់ការប្រឹក្សាយោបល់ ក្នុងការរៀបចំគោលនយោបាយ និងការកសាងសមត្ថភាព ជាពិសេសការចែករំលែកបទពិសោធរដ្ឋាភិបាលឌីជីថលកូរ៉េ តាមរយៈការរៀបចំព្រឹត្តិការណ៍ វេទិការដ្ឋាភិបាលឌីជីថល និងសិក្ខាសាលាផ្សេងៗទៀត។

គម្រោងរបស់ DGCC ជាផ្នែកមួយនៃការគាំទ្រការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលកំពុងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល ក្នុងគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថល ដែលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here