ការនាំចេញអង្ករធ្លាក់ចុះជាង១០ភាគរយខណៈការនាំចេញស្រូវកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ការនាំចេញអង្ករក្នុងឆ្នាំ២០២១កន្លងទៅធ្លាក់ចុះ១០,៦៨ភាគរយ ធៀបនឹងឆ្នាំ២០២០កន្លងទៅ ខណៈការនាំចេញស្រូវទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងរហូតដល់៦១,១៦ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

យោងតាមរបាយការណ៍នេះបានដឹងថា ការនាំចេញអង្កររបស់ប្រទេសកម្ពុជានៅឆ្នាំ២០២១សម្រេចបានក្នុងបរិមាណសរុប៦១ម៉ឺនតោន ធ្លាក់ចុះ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ប៉ុន្តែតួលេខនៃការនាំចេញស្រូវមានកំណើន៦១,១៦ភាគរយ ពោលគឺកើនដល់៣,៥២លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បង្ហាញថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន៤៥ម៉ឺនតោន ស្មើនឹង៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន១៤ម៉ឺនតោន ស្មើនឹង២៤,១៦% និងអង្ករចំហុយមានចំនួន១ម៉ឺនតោន ស្មើនឹង១,៧១%។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន១៥ ម៉ឺនតោន ថយចុះ២៣,៥៦% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន៣០ម៉ឺនតោន កើនឡើង៧% ទិសដៅអាស៊ានចំនួន៧ប្រទេស មានបរិមាណសរុបចំនួន៦ម៉ឺនតោន ថយចុះ២៧,៣១% និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប៨ម៉ឺនតោន ថយចុះ២០,១២%។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់៤៥ម៉ឺនតោន និងក្រុមហ៊ុន៥២ដទៃទៀតបាននាំចេញ ត្រឹមតែ១៦ម៉ឺនតោន។
ពេញមួយឆ្នាំនៃឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិចំនួន៧.៩៨៤.២៥១ តោន ទៅកាន់ទិសដៅ៦៨ប្រទេស កើនឡើង៦៣,៨៣ភាគរយ ធៀបនឹងឆ្នាំមុន ទទួលបានទឹកប្រាក់ត្រលប់មកវិញចំនួនប្រមាណ ៤.៩៦៧លានដុល្លារអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here