ហេតុអ្វីបានជាម្ចាស់អាជីវកម្មគួរពិចារណាស្វែងរកអ្នកប្រឹក្សាយោបល់អាជីវកម្ម?

ដោយ: ម៉ាលិស

ភ្នំពេញ: ក្នុងការចាប់ផ្ដើមអាជីវកម្មមួយម្ចាស់អាជីវកម្មត្រូវយល់ដឹងបន្ថែម និងមានរឿងជាច្រើនដែលត្រូវប្រឈមមុខដោះស្រាយ។ ការងារ និងបន្ទុកច្រើនបែបនេះពិតណាស់ថា មិនអាចធ្វើបានដោយឯកឯងបាននោះទេ ដូច្នេះទើបម្ចាស់អាជីវកម្មភាគច្រើន មិនថាទើបបង្កើត ឬឈរជើងយូរប៉ុនណានោះទេ តែងតែមានអ្នកប្រឹក្សាយោបល់ ឬជាក្រុមប្រឹក្សាភិបាលផ្ទាល់តែម្ដង។

ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលម្ចាស់អាជីវកម្មគួរពិចារណាស្វែងរក អ្នកប្រឹក្សាយោបល់អាជីវកម្ម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. មានបទពិសោធន៍ និងគំនិតថ្មីៗច្រើន
អ្នកមគ្គទេសន៍ភាគច្រើនមានបទសោធន៍ច្រើនជាមួយផ្នែកណាមួយដែលជាជំនាញរបស់ពួកគាត់ ដែលធ្វើឲ្យពួកគាត់ស្គាល់ច្បាស់ពីបញ្ហា និងដំណោះស្រាយ។ ចំពោះ អ្នកមគ្គទេសក៍ដែលមានបទពិសោធន៍ គឺពួកគាត់អាចដឹងពីទីផ្សារ ឥរិយាបទអតិថិជន និងស្គាល់ពីទម្រង់អាជីវកម្មច្រើន អាចដើរតួនាទីជាត្រីវិស័យតម្រង់ទិសសម្រាប់ដំណើរទៅកាន់ជោគជ័យរបស់អ្នកបាន។

២. ជួយបង្កើតឱកាសភ្ជាប់បណ្តាញសំខាន់ៗដល់ម្ចាស់អាជីវកម្ម
ការភ្ជាប់បណ្តាញ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្ម ពីព្រោះវានាំមកទាំងដៃគូរកស៊ី អតិថិជន ព័ត៌មានទីផ្សារ និងឱកាសជាច្រើនទៀតក៏ប៉ុន្តែ វាមិនមែនងាយស្រួលនោះទេ។ ចំណុចនេះ អ្នកមគ្គទេសក៍អាចណែនាំម្ចាស់អាជីវកម្មពីរបៀបភ្ជាប់បណ្តាញឲ្យមានប្រសិទ្ធភាពដោយគាត់ប្រឡូកក្នុងវិស័យនេះយូរ និងមានបទពិសោធន៍ច្រើន ណាមួយគាត់ក៏ស្គាល់បណ្តាញច្រើន ហើយគាត់អាចជួយណែនាំអ្នកឲ្យបណ្តាញសំខាន់ៗជាច្រើនបានស្គាល់ផងដែរ។

៣. ជួយម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្ត
តាមពិតទៅ ក្នុងនាមជាម្ចាស់អាជីវកម្មកាន់កាប់អ្វីៗគ្រប់យ៉ាង ពេលខ្លះការសម្រេចចិត្តគឺពិតជាពិបាក តែបើមានអ្នកពិភាក្សាជួយជាយោបល់នឹងអាចធ្វើឲ្យការសម្រេចចិត្តនោះបានឆាប់រហ័ស ហើយមានប្រសិទ្ធភាព។ ដូច្នេះ ការដែលមានទីប្រឹក្សាពិតជាល្អ ពីព្រោះគាត់មានទាំងចំណេះដឹង និងបទពិសោធន៍ ដែលម្ចាស់អាជីវកម្មត្រូវការ។

៤. ផ្ដល់យោបល់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ
នេះគឺជាការងារស្នូលរបស់អ្នកមគ្គទេសក៍ និងអ្នកប្រឹក្សាទៅហើយ ក្នុងការជួយដោះស្រាយបញ្ហារបស់ម្ចាស់អាជីវកម្ម ដើម្បីកុំឲ្យវាបង្កជាបញ្ហារាំងស្ទះដល់ប្រតិបត្តិការអាជីវកម្មទាំងមូល។ មួយវិញទៀត បើជ្រុលថារកអ្នកមគ្គទេសក៍ជួយនាំផ្លូវហើយ ម្ចាស់អាជីវកម្មគួររកអ្នកមគ្គទេសក៍ណា ដែលគាត់មានជំនាញពិតប្រាកដលើបញ្ហានីមួយៗ ទើបដោះស្រាយបញ្ហាមានប្រសិទ្ធភាពខ្ពស់។

ជារួមមក ការដែលមានអ្នកមគ្គទេសក៍សម្រាប់ជួយជាគំនិតក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្មជាយុទ្ធសាស្រ្ដមួយល្អ ដែលម្ចាស់អាជីវកម្មថ្មីថ្មោងគួរគិតពិចារណា។ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកអាចមានសមត្ថភាពខ្លាំងក៏ពិតមែន ប៉ុន្ដែរឿងខ្លះ អ្នកមិនអាចសម្រេចចិត្តដោយខ្លួនឯងបានទេ អ្នកអាចនឹងត្រូវការនរណាម្នាក់មកប្រឹក្សាដើម្បីឱ្យបញ្ហាត្រូវបានដោះស្រាយដោយរលូនល្អ ពេលខ្លះខួរក្បាលពីរប្រសើរជាងមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here