ធនាគារជាតិនៃកម្ពុជាបញ្ចេញប្រាក់៥០០លានដុល្លារដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល

ដោយៈសុផារី

ភ្នំពេញៈ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលក្នុងទីផ្សារ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញថវិកាប្រមាណ៥០០លានដុល្លារ ដែលជាការចូលរួមចំណែការពារអំណាចទិញរបស់ប្រជាជន។

ការបញ្ចេញប្រាក់ដុល្លារនេះ បានជួយរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាព ក្នុងរង្វង់៤០៩៩រៀលក្នុងមួយដុល្លារ ដែលបានថយថ្លៃប្រមាណ១% បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ស្ដីពី “វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍លើកឡើងថា ការបង្កើនចំណាយសាធារណៈ គួបផ្សំនឹងការថយចុះតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើប្រាក់រៀលឱ្យថយថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់ ដើ​ម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលរួមចំណែកការពារអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ស្រូបយកប្រាក់រៀលពីទីផ្សារជាបន្តបន្ទាប់ ប្រមាណជាង៥០០លានដុល្លារអាមេរិក និងបានរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យ មានស្ថិរភាពក្នុងរង្វង់៤០៩៩រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានថយថ្លៃប្រមាណ១%ធៀបនឹងឆ្នាំ២០១៩។

ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប២,៩%។ អតិផរណានៅឆ្នាំ២០២១រួមចំណែ​កដោយការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងអតិផរណាស្នូលបានថយល្បឿនមកវិញ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា ដើម្បីជួយឱ្យប្រាក់រៀលមានស្ថិរភាព សមាគមបានជំរុញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន រួមទាំងជំរុញឱ្យមានការប្រាក់ខ្ពស់ សម្រាប់ការសន្សំផងដែរ។

លោកបន្តថា “ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ប្រាក់រៀលដើរតួនាទីសំខាន់ណាស់ ដោយសារអតិថិជន ភាគច្រើនជាកសិករ អាជីវករ កម្មករ និងប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ប្រាក់រៀលច្រើន។ កន្លងមកសមាជិកសមាគម ដែលភាគច្រើនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ប្រាក់រៀល ឱ្យបានច្រើនតាមតែអាចធ្វើបាន ជាក់ស្ដែងការលើទឹកចិត្តអតិថិជនឲ្យប្រើប្រាស់ប្រាក់រៀល ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះទៀត បានផ្ដល់អត្រាការប្រាក់សន្សំសម្រាប់ប្រាក់រៀល មានតម្លៃខ្ពស់ជាងប្រាក់ដុល្លារជាដើម”។

លោកបានបន្ដថា បច្ចុប្បន្នសម្រាប់សមាគមមីក្រូហិរញ្ញវត្ថុ មានអតិថិជនប្រើប្រាស់ប្រាក់រៀល មានកម្រិត២០ភាគរយ។

អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានធនាគារជាតិនៃកម្ពុជាព្យា​ក​រ​ណ៍ថា នឹងមានអត្រា២,៦ភាគរយ ដោយសារកំណើនទាប នៃក្រុមម្ហូបអាហារ ដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ហើយអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់៤០៧៥រៀលក្នុងមួយដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here