ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ស្របពេលវិស័យធានារ៉ាប់រងនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រងផលប៉ះពាល់ដោយសារតែបញ្ហាកូវីដ១៩និងបានធ្លាក់ចុះ វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ១៥ភាគរយទៅវិញ និងរំពឹងថានឹងបន្តកើនឡើងទៀតក្នុងឆ្នាំ២០២២នេះ។
លោក យក់ ចំរើនឬទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយ នៅព្រឹកថ្ងៃទី៣ មករា ២០២២ ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ វិស័យធានារ៉ាប់រងកម្ពុជាមានកំណើនប្រមាណ១៥ភាគរយ ក្នុងនោះ ការធានាទៅលើសុខភាពមានកំនើនខ្ពស់ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ដោយសារតែប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីសុខភាព ។
លោកបន្តថា ក្នុងវិបត្តិនេះបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានក៏ដូចជាប្រទេសផ្សេងៗទៀតលើពិភពលោក វិស័យធានារ៉ាប់រងមានការធ្លាក់ចុះ តែកម្ពុជាបានកើនឡើង ដោយសារតែទីផ្សារធានារ៉ាប់រង់នៅកម្ពុជានៅមានភាពទូលំទូលាយ ហើយឱកាសនៃការលូតលាស់ក៏ខ្ពស់។ លោកថា ”នៅក្នុងវិបត្តិកូវីដ១៩ ការធានារ៉ាប់រងទៅលើវិស័យមួយចំនួនបានធ្លាក់ចុះ ដូចជាការធានាទៅលើវិស័យសំណង់ ការធ្វើដំណើរ ប៉ុន្តែបានកើនឡើងនូវការធានារ៉ាប់រងទៅលើសុខភាព ជាពិសេសយើងបានចាប់ផ្ដើមបង្កើតកញ្ចប់ធានារ៉ាប់រងទៅលើកូវីដ១៩ចំពោះអ្នកដំណើរមកពីប្រទេសចូលមកកម្ពុជា” ។
លោក ជៀប សុភ័ក្ត្រ នាយកចែកចាយនៃក្រុមហ៊ុនហ្វតតេឡាយហ្វ៍ ក៏បានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនចាប់ផ្ដើមយល់ដឹងពីហិរញ្ញវត្ថុគ្រួសារ ដែលធ្វើឱ្យពួកគាត់បានប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់ងនានា ដើម្បីធានាសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់ បើទោះបីជាបង្គោលគ្រួសារមានបញ្ហាបាត់បង់លទ្ធភាពរកចំណូលផ្គត់ផ្គង់គ្រួសារក្ដី ។
លោកបន្តថា ឆ្នាំ២០២១នេះជាឆ្នាំដែលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាបានជួបផលប៉ះពាល់ពីវិបត្តិកូវីដ ប៉ុន្តែដោយសារតែអ្នកបម្រើការនៅក្នុងវិស័យធានារ៉ាប់រងបានរកដំណោះស្រាយបានល្អ ហើយក៏ធ្វើឱ្យសន្ទុះនៃការលក់កញ្ចប់ធានារ៉ាប់រង់នៅក្នុងប្រទេសកាន់តែកើនឡើង៕