ដោយ៖ សុផារី
ភ្នំពេញ៖ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការនៃការប្រែក្លាយទៅជាធនាគារពាណិជ្ជដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ក្រោយទទួលបានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជានិងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារពាណិជ្ជពេញលេញ។
ធនាគារ អ៊ូរី គឺជាសមាជិកនៃ Woori Financial Group ដែលមានវត្តមាននៅតាមប្រទេសនានា ទូទាំងពិភពលោកជាមួយនឹងសាខាជាង ៤៥០ កន្លែងក្នុង ២៣ ប្រទេស ហើយបានបម្រើសេវាហិរញ្ញវត្ថុអស់រយៈពេលជាងមួយសតវត្សមកហើយ។ នៅក្នុងប្រទេសកម្ពុជា ធនាគារមានសាខាចំនួន ១៣៨ របស់ខ្លួនទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យសកម្មសរុបចំនួន១,២ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន៩១៤លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២១៥ លានដុល្លារ និងអតិថិជនសរុបជាង៣២៧.០០០ នាក់។
លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានមានប្រសាសន៍ថា “នាឱកាសដែលយើងបានក្លាយជាធនាគារពាណិជ្ជនេះ យើងពិតជារីករាយអបអរ និងទន្ទឹងរង់ចាំនូវដំណើរដ៏គួរឱ្យរំភើបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារតាមស្តង់ដារប្រទេសកូរ៉េ ដែលតម្រូវតាមតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកបន្តថា យោងតាមពាក្យស្លោក “ផ្តោតសំខាន់លើឌីជីថលដើម្បីផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរ” របស់ Woori Financial Group ដែលជាម្ចាស់ភាគហ៊ុនរបស់យើង គណៈគ្រប់គ្រងនិងបុគ្គលិករបស់ ធនាគារ អ៊ូរី បានរៀបចំនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជាក់លាក់ ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារដែលរហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ សម្រាប់គុណភាពជីវិតកាន់តែប្រសើររបស់អតិថិជន និងប្រជាជនកម្ពុជា។
ជាមួយនឹងការពង្រីកវិសាលភាពនៃបណ្តាញសាខា ចាប់ពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ នេះតទៅ ធនាគារ អ៊ូរី នឹងបម្រើសេវានិងផលិតផលហិរញ្ញវត្ថុដល់អតិថិជនគ្រប់ៗរូបតាមរយៈសាខាចំនួន១៣៨សាខាទូទាំងប្រទេស ដោយបុគ្គលិកជិត ៤.០០០ នាក់ ដែលមានបទពិសោធន៍ខ្ពស់ ស្របជាមួយនឹងការបន្តពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា៕