ដោយ: ម៉ាលីស
ភ្នំពេញ: ការភ្ជាប់បណ្តាញ (Networking) គឺសំដៅដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដើម្បីផ្លាស់ប្តូរព័ត៌មាននិងបង្កើតទំនាក់ទំនងក្នុងសង្គម។ ចុះតើវាមានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូចយ៉ាងណាខ្លះ?
នេះជាចំណុចមួយចំនួន ដែលអ្នកទើបចាប់ផ្ដើម ឬបម្រុងនឹងចាប់ផ្ដើមអាជីវកម្មតូចៗ គួរដឹងពីគុណប្រយោជន៍នៃការភ្ជាប់បណ្ដាញទំនាក់ទំនង៖
១. នាំមកនូវឱកាសនៃការរកស៊ីថ្មី៖ ការប្រើប្រាស់ Network គឺជាវិធីដ៏ល្អមួយដើម្បីចាប់យកឱកាសរកស៊ីថ្មីៗ ព្រោះជាធម្មតា នៅពេលអ្នកភ្ជាប់បណ្ដាញជាមួយអ្នកដទៃច្រើន អាជីវកម្មរបស់អ្នកក៏ត្រូវបានគេស្គាល់កាន់តែច្រើន ដូចគ្នា។ ដូច្នេះ វាអាចជាឱកាសល្អមួយសម្រាប់អាជីវកម្មខ្នាតតូច ឬទើបចាប់ផ្ដើមថ្មីៗ ដែលមិនសូវមានគេស្គាល់ និង មិនសូវមានដើមទុនលើការធ្វើទីផ្សារជា ដើម។
២. រៀនសូត្រពីការអនុវត្តដែលល្អ៖ បើអ្នកអាចភ្ជាប់បណ្ដាញជាមួយបុគ្គលដែលមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ឬប្រឡូកក្នុងវិស័យការងារច្រើន នោះអ្នកនឹងអាចរៀនសូត្រ និងទទួលបាននូវមតិយោបល់ល្អៗ ដូចជាថា តើគេអនុវត្តបែបណាខ្លះ រកស៊ីបែបណា ធ្វើយ៉ាងណាដោះស្រាយបញ្ហាបានចំចំណុច ដើម្បីយកមកអនុវត្តក្នុងអាជីវកម្មរបស់អ្នកឲ្យបានគាប់ប្រសើរ។
៣. បង្ហាញពីទំនោរសង្គមទាក់ទងនឹងអាជីវកម្ម៖ ការដែលអ្នកធ្វើ Networking បានល្អ វាជួយអ្នកឲ្យដឹងព័ត៌មានថ្មីៗ និង ទំនោរអ្នកប្រើប្រាស់ក្នុងសង្គមបានទាន់ហេតុការណ៍ជានិច្ច ព្រោះក្នុងសង្គមអ្នកធ្វើអាជីវកម្ម ប្រាកដជាមានក្រុមមួយសម្រាប់ផ្ដល់ព័ត៌មានឱ្យគ្នា ដើម្បីងាយស្រួលឆ្លើយតបចំពោះបញ្ហាទាន់ពេល។ ព័ត៌មានទាំងនេះ វាសំខាន់សម្រាប់ការរៀបចំយុទ្ធសាស្ត្រអាជីវកម្មរបស់អ្នក ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការអតិថិជន។
៤. បង្កើនភាពជឿជាក់៖ តាមរយៈការធ្វើ Networking នឹងជំរុញខ្លួនអ្នកឱ្យចាប់ផ្ដើមកិច្ចសន្ទនានានាជាមួយគេឯង ហើយភាពជឿជាក់របស់អ្នកនឹងកើនឡើងដោយមិនដឹងខ្លួន។ ភាពជឿជាក់ដែលកើតឡើងចេញពីការភ្ជាប់បណ្តាញ ក៏ជួយអ្នកឱ្យភ្ជាប់បណ្តាញកាន់តែងាយស្រួល ព្រោះអ្នកបានដឹងពីតិកនិចនៃការប្រាស្រ័យទាក់ទងជាមួយសង្គមមនុស្សខាងក្រៅ រួមមានទាំងអតិថិជនផងដែរ។
ជារួម ជាម្ចាស់អាជីវកម្មមួយរូប វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវមានបណ្ដាញ និងការប្រាស្រ័យទាក់ទងច្រើនក្នុងសង្គម ដូចពាក្យមួយថា “ឈ្មោះអ្នកដល់ណា អាជីវកម្មអ្នកគេស្គាល់ដល់កន្លែងនោះដូចគ្នា” ។ ដូច្នេះ បើអ្នកមានឱកាសបង្កើតបណ្ដាញបានហើយ អ្នកគួរចាប់វាឱ្យជាប់ រួចរកវិធីបង្កើនផលប្រយោជន៍តាមនោះ៕