អ្នកដំណើរពីសិង្ហបុរីជាង១ពាន់នាក់ បានចូលតាមអាកាសយានដ្ឋានសៀមរាប ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ

ដោយ៖ សុធារី

សៀមរាប៖ ចាប់តាំងពីការបើកដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានអ្នកដំណើរជាវិនិយោគិននិងភ្ញៀវទេសចរ ចំនួនជាង១ពាន់នាក់មកពីប្រទេសសិង្ហបុរី។ នេះបើតាមការបញ្ជាក់របស់លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍សាំងហ្គាពួរអ៊ែរឡាញធ្វើការហោះហើរមកកម្ពុជា ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជារៀងរាល់ថ្ងៃឬ៧ជើងក្នុង១សប្ដាហ៍ ដែលក្នុងមួយជើងៗ មានអ្នកដំណើរពី៦០ ទៅ៧០នាក់។ ដូចនេះរយៈពេលជិត២សប្ដាហ៍ នៃការបើកការហោះហើរនេះ គឺមានអ្នកដំណើរឬអ្នកវិនិយោគ និងអ្នកទេសចរប្រហែល១ពាន់នាក់។

លោក ថោង រដ្ឋសក្ដិ បញ្ជាក់ថា ពីមុននៅក្នុងដំណាក់កាលអនុវត្តវិធានការសុខាភិបាល និងតម្រូវឱ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលអ្នកដំណើរមកពីក្រៅប្រទេសក្នុង១ថ្ងៃ តែពី១០០ ទៅ២០០ នាក់។ ប៉ុន្តែចាប់ពីការបន្ធូរបន្ថយលក្ខខណ្ឌដល់អ្នកដំណើរចាក់វ៉ាក់សាំង មិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះឃើញថា កម្ពុជាទទួលអ្នកដំណើរពីបរទេសរហូតជាង ២ ម៉ឺននាក់ ដែលក្នុងមួយថ្ងៃគឺអាចទទួលពី៥០០ ទៅ៦០០នាក់។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញនោះ ការត្រួតពិនិត្យត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ដោយភ្ញៀវត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ និងត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅនិងមានប័ណ្ណប្រកាសសុខភាព។

លោកបន្ថែមថា ជាមួយគ្នានេះភ្ញៀវទេសចរអន្តរជាតិដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ។ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ។ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង។

ជើងហោះហើររបស់ SIA ទៅកាន់ខេត្តសៀមរាបបានចុះចតនៅម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃទី ១៧ ខែធ្នូនេះក្លាយជាជើងហោះហើរអន្តរជាតិដំបូងគេ ដែលចុះចតនៅទីនោះ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ បន្ទាប់ពីផ្អាករយៈពេល ២០ ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here