ធនាគារប្រៃសណីយ៍កម្ពុជាទិញមូលបត្របំណុល១០លានដុល្លារពីក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបណ្ដាធនាគារនិងក្រុមហ៊ុនឯកជនចូលរួមវិនិយោគទិញមូលបត្របំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) ធនាគារប្រៃសណីយ៍កម្ពុជាបានសម្រេចទិញមូលបត្របំណុលក្រុមហ៊ុនអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិនេះចំនួន១០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋាននេះឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន២៨ភាគរយ ត្រូវនឹងទឹកប្រាក់សរុប៣៧៥លានដុល្លារអាមេរិច (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here