ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាបានបន្តធ្លាក់យ៉ាងគំហុកខ្លាំងជាងកាលពីឆ្នាំ២០២០កន្លងទៅទៀត ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១នេះ កាន់តែធ្ងន់ធ្ងរជាងឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី២៨ ធ្នូ២០២១នេះ ឱ្យដឹងថា ក្នុងរយៈពេល១១ខែនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែចំនួន១៦ម៉ឺន៣ពាន់នាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅ ធ្លាក់ចុះប្រមាណ៨៧,៣ភាគរយ ដែលចំនួននេះ បានធ្លាក់ចុះយ៉ាងគំហុកពី១,២៨លាននាក់នៅក្នុងឆ្នាំ២០២០កន្លងទៅ។
តាមរបាយការណ៍ដដែលបានបង្ហាញថា អ្នកដំណើរបរទេសដែលបានមកដល់កម្ពុជាតាមផ្លូវអាកាសមានចំនួន៨ម៉ឺននាក់ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០មានថយចុះរហូតដល់៨៩,៣ភាគរយ ខណៈ២០២០ក្នុងរយៈពេល១១ខែមានចំនួនប្រមាណ៧៤ម៉ឺន៦ពាន់នាក់។
ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិ ទាំង៣របស់កម្ពុជាឃើញថាអាកាសយានដ្ឋានភ្នំពេញ ទទួលបានចំនួន៧ម៉ឺន១៨៦០នាក់ ធ្លាក់ចុះប្រមាណ ៨៣,៥ភាគរយ អាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុទទួលបាន៨.២១០នាក់ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបទទួលបានអ្នកដំណើរត្រឹមតែ៤នាក់ប៉ុណ្ណោះក្នុងរយៈពេល១១ខែឆ្នាំ២០២១នេះ ។
របាយការណ៍បានបង្ហាញថា អ្នកដំណើរបរទេសចូលមកកម្ពុជាតាមច្រកព្រំដែនមានចំនួនប្រមាណ៨៣.២៨២នាក់ ធ្លាក់ចុះប្រមាណ៨២,៩ភាគរយ និងអ្នកដំណើរចូលតាមកំពង់ផែមានចំនួន១០នាក់ធ្លាក់ចុះ១០០ភាគរយ។
យ៉ាងណាក្ដី បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ ឃើញថាចំនួនភ្ញៀវទេសចរបរទេសបានមកកម្ពុជាចាទទួលបានភ្ញៀវទេសចរបរទេសឡើងវិញផងដែរ ជាមួយនឹងវិធានការបន្ធូបន្ថយការធ្វើចត្តាឡីស័ករបស់អ្នកដំណើរប់ផ្ដើមកម្រើកឡើងវិញ ជាពិសេសអ្នកដំណើរមកពីប្រទេសចូលតាមច្រកផ្លូវអាកាសបានកើនឡើងពី៣០០នាក់ទៅ៨០០នាក់ក្នុងមួយថ្ងៃជាមធ្យម ហើយចំនួនជើងហោះហើរក៏បានកើនឡើងដូចគ្នាដែរ។ នៅឆ្នាំ២០២២នេះ កម្ពុជាក៏រំពឹងថានឹងតែបន្ថែមការធ្វើតេស្តអ្នកដំណើរទាំងអស់ចូលមកកម្ពុជា៕