កម្ពុជាត្រៀមបើកវេទិកាជំនួបធុរកិច្ចជាមួយហុងគ្រីនៅដើមឆ្នាំក្រោយ

ដោយ: សូរិយា

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា នៅដើមឆ្នាំ២០២២ខាងមុខនេះ កម្ពុជានិងហុងគ្រី នឹងរៀបចំវេទិកាជំនួបធុរកិច្ចរួមគ្នាមួយតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២០ ភាគីទាំងពីរបានសំដៅជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងគ្នានិងគ្នា បានន័យថាទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រីឥឡូវនៅទាប ដោយយើងមិនដឹងថារកស៊ីលក់ដូរអីជាមួយគ្នាទេ។ ដើម្បីទាក់ទាញឲ្យមានការធ្វើវិនិយោគ និងការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរភាគីទាំងពីរបានសម្រេចថា នឹងរៀបចំឲ្យមានវេទិកាធុរកិច្ចមួយដែលជាការផ្គូរផ្គងពាណិជ្ជកម្ម ហើយការរៀបចំនេះប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ ហើយយើងនឹងបង្ហាញគ្នាទៅវិញទៅមក នូវមុខជំនួញមួយចំនួនដែលចាំបាច់ត្រូវតែចូលរួមជំរុញ។

លោកឱ្យដឹងទៀត តាមរយៈវេទិកានោះ នឹងផ្តោតលើការផ្គូរផ្គងធុរកិច្ច និងបង្ហាញអំពីកាលានុវត្តភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាពចំណីអាហារ និងសេវាកម្មក្នុងវិស័យទេសចរណ៍ ហើយជំនួបធុរកិច្ចនេះដែរ ក៏នឹងជួយជំរុញឱ្យធុរជន និងវិនិយោគិនហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។

គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង១៦លានដុល្លារ ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សរុបមានជាង៤លានដុល្លារ។ ដោយឡែក គិតត្រឹម១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានចំនួនជាង២លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួនជាង២លានដុល្លារ។ ចំណែកឯការនាំចូលពីហុងគ្រីមានចំនួនជាង៨២ម៉ឺនដុល្លារអាម៉េរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here