ដោយ៖ លក្ខិណា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយ១៤៥លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាស្តារសេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ-១៩។ នេះជាការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាក្រុងតាខ្មៅនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១នេះ ។
លោកបណ្ឌិត អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្តេចតេជោពីកិច្ចសហប្រតិបត្តិការល្អមួយចំនួនរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឯកអគ្គរដ្ឋទូតជប៉ុន ក៏បានប្រកាសថា រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយបន្ថែម ១៤៥លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ១៩ ដែលគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខ ។
លោក មីកាមិ បានជម្រាបសម្តេចតេជោ នូវបំណងរបស់រដ្ឋាភិបាលជប៉ុន លោក បណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ឯកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុន ដែលនឹងចូលចតនៅកំពង់ផែរាម របស់កម្ពុជានាពេលខាងមុខ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃកិច្ចសហប្រតិ បត្តិការរក្សាសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការអញ្ជើញលោក បណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចុះចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជា។ សម្រាប់ខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព នាឆ្នាំ២០២២ ខាងមុខនេះ សម្តេចតេជោ បានលើកជាគំនិតឱ្យរៀបចំធ្វើខួបនេះ ឲ្យក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន លើវិស័យការពារជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងការផ្ដល់ដល់កម្ពុជានូវវ៉ាក់សាំង ផ្ដល់ជាជំនួយដទៃទៀតជាបរិក្ខារ ដើម្បីជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ១៩៕