ដោយ៖ សុធារី
ភ្នំពេញ៖ យុទ្ធសាស្រ្តទីផ្សារ គឺជាកូនសោរមាសមួយដែលសំខាន់សម្រាប់បង្កើនសមិទ្ធផលអាជីវកម្មដែលមិនអាចបដិសេធបាន។ នៅក្នុងយុគសម័យឌីជីថលនេះ ការធ្វើទីផ្សារភាគច្រើនគឺកើតឡើងនៅលើបណ្ដាញសង្គម ហើយវាមិនត្រឹមតែមានភាពពេញនិយមពីសំណាក់អតិថិជនប៉ុណ្ណោះទេ ថែមទាំងចំណាយពេលវេលាតិច និងទទួលបានលទ្ធផលឆាប់រហ័សផងដែរ។
ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗនៃការធ្វើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ៖
១. ការជួយជ្រោមជ្រែងពីនិយោជិក
និយោជិក គឺជាធនធានសំខាន់ដែលចូលរួមចំណែកក្នុងការលើកកម្ពស់ចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រោះនិយោជិកគឺជាអ្នកចែករំលែក និងអាចជួយធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មទាំងនៅខាងក្រៅក្រុមហ៊ុន ឬ នៅលើបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន និងចែករំលែកក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។ និយោជិកអាច ទាក់ទាញអតិថិជនតាមរយៈការផ្សព្វផ្សាយល្អពីទស្សនវិស័យរបស់ក្រុមហ៊ុន និងលើសពីនេះ ពួកគេក៏មានចំណែកផ្ដល់ជាប្រភព ទាញយកអ្នកមានទេពកោសល្យឲ្យចាប់អារម្មណ៏ធ្វើការឲ្យក្រុមហ៊ុនរបស់អ្នកទៀតផងដែរ។
២. ការធ្វើទីផ្សារតាមបណ្ដាញសង្គម
ការធ្វើទីផ្សារនៅលើបណ្ដាញសង្គម គឺជាយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃ ចំណាយអស់តិច តែទាក់ទាញយកអតិថិជនបានច្រើន។ ដោយសារទីផ្សារមានភាពប្រកួតប្រជែងខ្លាំង ដូច្នេះការផ្សព្វផ្សាយសេវាកម្ម ឬផលិតផលក៏ត្រូវការច្នៃប្រតិដ្ឋខ្លាំងណាស់ដែរ និងម្យ៉ាងទៀតគឺត្រូវដើរឲ្យទាន់សម័យកាល។ អ្នកអាចបង្កើតជាសកម្មភាពណាមួយដើម្បីទាញយកការចាប់អារម្មណ៍ពីអតិថិជន។
ឧទាហរណ៍ បច្ចុប្បន្ននេះ មនុស្សភាគច្រើនលេងហ្វេសប៊ុក ដូច្នេះហាងការហ្វេមួយចំនួនបានចាប់ឱកាសនេះ ដោយធ្វើជាយុទ្ធនាការមួយដែលឲ្យអតិថិជនចូលហាងរបស់ខ្លួន ចុច Check In បន្ទាប់មកក៏ឈ្នះបានគូប៉ូងបញ្ចុះតម្លៃពីហាងរបស់ពួកគេជាដើម។
៣. គិតឲ្យល្អិតល្អន់មុននឹងធ្វើការ Boost (ផ្សព្វផ្សាយតាមបណ្ដញសង្គម)
ចំណុចនេះផ្ដោតលើការធ្វើទីផ្សារលើបណ្ដាញសង្គមដូចខាងលើដែរ ប៉ុន្ដែអាចនឹងត្រូវចំណាយប្រាក់។ ក្នុងចំណុចនេះ ការត្រិះរិះពិចារណាដោយហ្មត់ចត់គឺជាអ្វីដែលម្ចាស់អាជីវកម្មគួរធ្វើ មុនសម្រេចចិត្ត Boost ព្រោះនេះមានន័យថាអ្នកត្រូវយកលុយទៅប្ដូរជាមួយយុទ្ធសាស្រ្ដទីផ្សារដើម្បីផ្សាព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នក។ អ្នកគួរស្វែងយល់ឲ្យច្បាស់សិនថា មាតិការដែលគ្រោងនឹង Boost នោះមានភាពទាក់ទាញគ្រប់គ្រាន់ឬនៅ ហើយត្រូវចំណាយទឹកប្រាក់ប៉ុន្មានដើម្បីឲ្យការបង្ហោះរបស់អ្នកត្រូវបានអតិថិជនគោលដៅមើលឃើញ និងពេលវេលាជាក់លាក់ដែលអ្នកចង់ Boost ថាតើអ្នកចង់ Boost មាតិការបស់អ្នករយៈពេលមួយសប្ដាហ៍ ឬច្រើនជាងនេះ? បើជ្រុលថាចំណាយទៅហើយ អ្នកត្រូវមើលឲ្យគ្រប់ជ្រុង នោះអ្នកនឹងមិនចំណាយលុយដោយអាសាបង់។
ជារួមមក យុទ្ធសាស្ដ្រទីផ្សារគឺមានច្រើន ប៉ុន្ដែចំណុចខាងលើអាចជាគំនិតខ្លះៗដែលម្ចាស់អាជីវកម្មថ្មីថ្មោង ហើយមានដើមទុនតិច អាចពិចារណាបាន៕