រដ្ឋមន្ត្រីក្រសួងកសិកម្មផ្តល់អនុសាសន៍៤ចំណុចដល់ក្រុមហ៊ុនជប៉ុនដើម្បីជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី

ដោយៈ សុធារី

មណ្ឌលគីរី ៖ ក្នុងឱកាសពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែនៅចំការមួយចំនួន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានផ្តល់អនុសាសន៍ចំនួន៤ចំណុចដល់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ក្នុងគោលបំណងជំរុញផលិតកម្មបន្លែនៅកម្ពុជាជារួម ជាពិសេសក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់មានសក្តានុពលលើផលិតកម្មបន្លែដែលតំបន់ផ្សេងៗពិបាកផលិត។

លោករដ្ឋមន្រ្តីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែ និងអាជីវកម្មលក់គ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ដែលសហការជាមួយក្រុមហ៊ុន Fukada Machinery Co., Ltd។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កសិដ្ឋាននេះមានទីតាំងនៅក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លើផ្ទៃដីជាង ៣,៥០ហត ហើយបច្ចុប្បន្នកំពុងសាងសង់ផ្ទះសំណាញ់បាន២១ផ្ទះ និងរោងបណ្តុះកូន ០១ នឹងចាប់ផ្តើមដាំក្នុងពេលឆាប់ៗខាងមុខនេះ។ កសិដ្ឋានគ្រោងរៀបចំជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ តាំងបង្ហាញផលិតផល និងវេចខ្ចប់ ផ្សារលក់បន្លែ និងផ្លែឈើ។

លោកបានជូនមតិឲ្យក្រុមហ៊ុនពិចារណា ទី១- ចំពោះគ្រឿងចក្រ ហាក់មានតម្លៃខ្ពស់សម្រាប់ប្រជាកសិករជាវយកទៅប្រើ ក្រុមហ៊ុនគួរពិនិត្យលទ្ធភាពនាំចូលគ្រឿងចក្រ ដែលប្រើរួចហើយ អាចមានតម្លៃសមរម្យ។ ទី២- ជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើប្រព័ន្ឌឌីជីថលក្នុងផលិតកម្មបន្លែ ធ្វើយ៉ាងនេះអាចគ្រប់គ្រងបានខ្សែច្រវាក់ផលិតកម្ម បរិមាណផ្គត់ផ្គង់ គុណភាពផលិតផល សារធាតុចំណីអាហារដែលបន្លែត្រូវការ បរិមាណទឹក និងជាពិសេសគឺឆ្លើយតបតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ទី៣- ជួយផ្សព្វផ្សាយ ឬបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ និងដៃគូផលិតបន្ថែមទៀត ដើម្បីឲ្យពួកគាត់យកបច្ចេកទេសនេះទៅអនុវត្តនៅចំការ ឬកសិដ្ឋានរបស់ខ្លួន សំដៅរួមគ្នាផលិតបន្លែ ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។ ទី៤- ក្រុមហ៊ុនគួរតែចងក្រងបណ្តុំផលិតទៅតាមប្រភេទបន្លែ ធ្វើនេះដើម្បីជួយរកទីផ្សារ ធានាតម្លៃ និងរក្សានិរន្តរភាពផលិតកម្ម។

លោក រដ្ឋមន្ត្រីបានចាប់អារម្មណ៍ថា សម្រាប់កម្មវិធីទី១ ក្រុមហ៊ុនបានត្រៀមលក្ខណរួចរាល់ដើម្បីអនុវត្តបច្ចេកទេសលើផលិតកម្មបន្លែ ដែលនឹងផ្តល់ឱកាសឱ្យអ្នកផលិតក្នុងតំបន់នេះធ្វើការសិក្សា រៀនសូត្រ និងយកទៅអនុវត្តក្នុងចំការផ្ទាល់ខ្លួនដើម្បីបង្កើនផលិតកម្មបន្លែ ធានានិរន្តរភាពផ្គត់ផ្គង់ និងតម្លៃ។

ជាងនេះទៅទៀត នេះជាការចាប់ ផ្តើមផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឌីជីថល ធានាបានគុណភាព សុវត្ថិភាព និងរក្សាបាននូវកំណើនផលិតកម្ម។ ដោយឡែក កម្មវិធីទី២ និងទី៣ វិញ ឃើញថាកសិករបានយល់ពីអត្ថប្រយោជន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការប្រើប្រាស់គ្រឿងចក្រជំនួសឱ្យពលកម្មមនុស្ស ចំណេញពេល និងធានាបាននូវប្រសិទ្ធភាពការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here