កម្ពុជានិងកូរ៉េនឹងឈានទៅចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅចុងខែនេះ

ដោយ ៖ សូរិយា

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូងនឹងបើកកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជានៅក្នុងខែនេះ ដោយសង្ឃឹមថានឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមមន្ត្រីជាន់របស់កូរ៉េខាងត្បូងលើកឡើងកាលពីពេលថ្មីៗនេះ។

ការប្រកាសខាងលើនេះបានធ្វើឡើង ស្របពេលប្រទេសកូរ៉េបាន និងកំពុងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចំពេលមានការព្យាករណ៍របស់អ្នកជំនាញថា ជំងឺផ្លូវដង្ហើយថ្មី ទំនងជានឹងពន្លឿនការកើនឡើងនូវការគាំពារនិយមពាណិជ្ជកម្ម ស្របជាមួយនឹងការធ្វើពិពិធកម្មនៃបណ្តាញផ្គត់ផ្គង់សកលពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងលេចឡើងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េ។ ការនាំចេញរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង ៥,៥ ភាគរយ ឬ ៦៩៦ លានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចូលពីប្រទេសកម្ពុជាកើន ៦,៨ ភាគរយ ដោយក្នុងនោះ ផ្នែកវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាមុខជំនួញសំខាន់ៗ។

លោក Hong Nam-ki ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ចាប់តាំងពីការស្នើសុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាត្រូវបានលើកឡើងនៅក្នុងខែមីនាកាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃគោលនយោបាយថ្មីភាគខាងត្បូងរបស់រដ្ឋាភិបាលការសិក្សារួមគ្នា និងការពិភាក្សាសាធារណៈពាក់ព័ន្ធ ត្រូវបានបញ្ចប់នៅចុងខែឧសភា និងថ្ងៃទី១២ ខែមិថុនា”។ លោកបានបន្ថែមថា “ផ្អែកលើបញ្ហានេះរដ្ឋាភិបាលគ្រោងនឹងបញ្ចប់ដំណើរការនេះរួមទាំងការដាក់របាយការណ៍ទៅរដ្ឋសភា និងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែកក្កដានេះ”។

ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាដែលជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល និងជាសមាជិកអាស៊ានបានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយចាប់តាំងពីឆ្នាំ២០១១ រហូតមក ខណៈពេលដែលប្រទេសកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ជាមួយអាស៊ានវា បាន និងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងគ្នាជាមួយប្រទេសជាសមាជិកដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here