ស្ថានភាពរាលដាលនៃអូមីក្រុងនៅប្រទេសថៃអាចជះឥទ្ធិពលដល់វិស័យអាកាសចរណ៍កម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ប្រទេសថៃទើបតែបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩បម្លែងថ្មីប្រភេទ អូមីក្រុង ហើយអាជ្ញាធរនៃប្រទេសនេះ ក៏បានចាប់ផ្ដើមរឹតបន្តឹងចំពោះការចេញចូលរបស់ប្រជាពលរដ្ឋនានានៅក្នុងប្រទេសថៃដែរ។ ការរាលដាលនៃមេរោគកូវីដ១៩ប្រភេទអូមីក្រុងអាចនឹងជះឥទ្ធិពលដល់វិស័យអាកាសចរណ៍កម្ពុជា ខណៈវិស័យនេះទើបតែបានកម្រើកឡើងវិញក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី១៥ វិច្ឆិកា ជាពេលដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកទទួលអ្នកដំណើរមកពីបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ក ឃើញថាកំណើនជើងហោះហើរនិងកំណើនអ្នកដំណើរចូលមកកម្ពុជាមានកំណើនជាបន្តបន្ទាប់ តែឥឡូវនេះដោយសារតែការរាលដាលនៃមីក្រុងនៅប្រទេសមួយចំនួន ជាពិសេសនៅថៃ ចំនួនជើងហោះហើរអាចថយចុះវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ពេលនេះ យើងបានឃើញវិធានការប្រទេសជិតខាងចាប់ផ្ដើមរឹតបន្តឹងឡើងវិញ ដោយសារតែស្ថានភាពនៃការឆ្លងមេរោគប្រភេទថ្មី អូមីក្រុង អាចនឹងមានផលប៉ះពាល់តិចតួចដលវិស័យអាកាសចរណ៍ និងធ្វើឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសអាចនឹងថមថយបន្តិចបន្តួចវិញ ជាពិសេសជើងហោះហើរដែលធ្វើដំណើរមកពីបាងកកប្រទេសថៃ។ តែយ៉ាងណាក៏យើងមិនទាន់និយាយថាវានឹងប៉ះពាល់នោះដែរ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា។

លោកថា ”ថៃទើបនឹងដាក់វិធានការឡើងវិញដោយធ្វើចត្តាឡីស័កពី៧ថ្ងៃទៅ១៩ថ្ងៃ កាលពីដើមសប្ដាហ៍នេះ ដូច្នេះយើងអាចនឹងប៉ះពាល់ដល់ជើងហោះហើរ”។

កម្ពុជាក៏បានរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ១៩ប្រភេទថ្មីអូមីក្រុងលើអ្នកដំណើរមកពីបរទេសរួចហើយដែរ និងកំពុងដាក់ព្យាបាលនៅក្នុងមណ្ឌលព្យាបាល តែយ៉ាងណាសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងផងដែរ សូមកុំឱ្យមានការភ័យស្លន់ស្លោរពេកពីរឿងមេរោគកូវីដ១៩បម្លែងថ្មីអូមីក្រុងនេះ ហើយសម្ដេចក៏បានបង្ហាញការសោកស្ដាយនូវប្រទេសមួយចំនួនដែលស្លន់ស្លោជ្រុល។

យ៉ាងណាក្ដី ស្ថានភាពក្នុងប្រទេសកម្ពុជានាពេលនេះវិញ បណ្ដាអាជីវកម្មជាច្រើនស្ទើរតែទាំងអស់បានចាប់ផ្ដើមដំណើរការវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសហើយ នៅក្នុងពិធីឆ្លងឆ្នាំសកលខាងមុខនេះបណ្ដាខេត្ត ដែលមានសក្ដានុពលទេសចរណ៍ក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍ទេសចរជាតិនិងអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here