អនុប្រធានសភាពាណិជ្ជកម្មស្នើរដ្ឋាភិបាលដំឡើងតួនាទីអនុព័ន្ធពាណិជ្ជកម្មក្រៅប្រទេសឱ្យទៅមន្រ្តីទូតពាណិជ្ជកម្ម

ដោយៈលក្ខិណា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើដល់ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងតួនាទីអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗឱ្យទៅជាទូតពាណិជ្ជកម្មវិញ ក្នុងពេលទំនិញកម្ពុជាជាច្រើនកំពុងតែមានសក្ដានុពល និងមានតម្រូវការនៅប្រទេសទាំងនោះ។

លោកឧកញ៉ាបានថ្លែង នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ធ្នូ២០២១កន្លងមកថា នៅប្រទេសដែលមានសេដ្ឋកិច្ចពាណិជ្ជកម្មធំៗ ដូចជា នៅកូរ៉េ ចិន ជប៉ុននិងបណ្ដាប្រទេសសេដ្ឋកិច្ចធំជាច្រើនទៀត ពីព្រោះនៅថ្ងៃអនាគតប្រទេសទាំងនោះ នឹងមានតម្រូវការកាន់តែខ្លាំង ក្នុងនោះដែរកម្ពុជា ក៏អាចបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ ដោយងាយស្រួលផងដែរ បើសិនជាយើងមានទូតពាណិជ្ជកម្មប្រចាំប្រទេសទាំងនោះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា បើតាមលោកចាំ កម្ពុជាមានទូតពាណិជ្ជកម្មនៅប្រទេសពីរបីរួចហើយ ដូចជា កូរ៉េជាដើម ប៉ុន្តែយើងត្រូវការមានតំណាងទូតពាណិជ្ជកម្មរបស់យើង ដើម្បីងាយស្រួលក្នុងការជាមួយសភាពាណិជ្ជកម្មនៅតាមប្រទេសទាំងនោះ ដើម្បីឱ្យការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេ​សកាន់តែស្រួល និងបានកាន់តែច្រើន ជំរុញដល់ការធ្វើពាណិជ្ជកម្រវាងប្រទេសនិងប្រទេស។

លោកបន្តថា “នេះគឺជាការចាំបាច់មួយ ដែលយើងត្រូវពង្រីកពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែម ក៏ដូចជា ពង្រឹងសមត្ថភាពអនុព័ន្ធពាណិជ្ជកម្ម ទៅជាទូតពាណិជ្ជកម្មនៅប្រទេសទាំងនោះ”។

លោកចាន់ ចេស្ដារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានថ្លែងថា តម្រូវការផលិតផលកសិកម្មរបស់កម្ពុជា នៅទីផ្សារក្រៅប្រទេសបាន និងកំពុងកើនឡើងមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ក្នុងរយៈពេលជិត១ឆ្នាំ នៃឆ្នាំ២០២១នេះ ដែលធ្វើឱ្យការធ្វើកសិកម្មរបស់កម្ពុជា ប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារ ទៅជាកសិកម្មបែបទីផ្សារវិញទាំងទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ។

បើទោះបីជាស្ថិតនៅក្នុងវិបត្តិបែបណាក្ដី ក៏ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល១១ខែកន្លងមកនេះ មានទឹកប្រាក់ប្រមាណជាង១៥ពាន់លានដុល្លារអាមេរិកផងដែរ ហើយកម្ពុជាក៏រំពឹងថា ការនាំចេញរបស់ខ្លួននឹងកើនឡើងខ្ពស់ នៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត ក្រោយពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ពីរចូលជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here