អត្ថន័យនៃស្លាកសញ្ញារបស់ក្រុមហ៊ុនរថយន្តល្បីៗទាំង៨លើពិភពលោកដែលអ្នកមិនធ្លាប់ដឹង

ដោយ: ម៉ាលីស

ភ្នំពេញៈ បច្ចុប្បន្នមានរថយន្តជាច្រើនម៉ាក ច្រើនម៉ូដែលកំពុងធ្វើចរាចរ​ណ៍ ក្នុងនោះមានរថយន្តមួយចំនួនធំ ដែលយើងអាចស្គាល់ពីម៉ាករបស់វាបាន។

ប៉ុន្តែថាតើអត្ថន័យរបស់ស្លាកសញ្ញា ឬlogo របស់រថយន្តទាំងនោះមានន័យយ៉ាងដូចម្តេចនោះ គឺមនុស្សភាគច្រើនពុំធ្លាប់បានដឹងនោះទេ។ ខាងក្រោមនេះគឺជាអត្ថន័យ ស្លាកសញ្ញាររបស់ក្រុមហ៊ុនរថយន្តល្បីៗទាំង ៨ ដែលយើងពុំធ្លាប់បានដឹង៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Mercedes-Benz

ស្លាកសញ្ញារបស់ក្រុមហ៊ុន Mercedes-Benz គឺមានរូបផ្កាយ ដែលមានមុខបីនៅក្នុងរង្វង់កង។ បើតាមអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនរថយន្តមួយនេះបានប្រាប់ឲ្យដឹងថា ស្លាកសញ្ញានេះ គឺអត្ថន័យសាមញ្ញមែនទែន ពោលគឺមុខទាំងបីរបស់ផ្កាយ គឺតំណាងឲ្យភាពជោគជ័យ ក្នុងការត្រួតត្រាទីផ្សាររបស់ម៉ាកមួយនេះ ទាំងនៅលើផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។

BMW

ក្រុមហ៊ុន BMW បានប្រើប្រាស់ស្លាកសញ្ញាចាស់របស់គេ ដែលបានបន្សល់ទុកតាំងពីពេល ដែលក្រុមហ៊ុននេះ ធ្វើការផលិតយន្តហោះម្លេះ។ ស្លាកសញ្ញា ដែលមានវ័យចំណាស់នេះ គឺមានរង្វង់ពណ៌ខៀវ និង ស ដែលរុំព័ទ្ធ ទៅដោយរង្វង់ពណ៌ខ្មៅជាមួយនឹងអក្សរ BMW។ ស្លាកសញ្ញានេះគឺតំណាងឲ្យរូបភាព នៃការបង្វិលរបស់ស្លាបចាក់យន្តហោះ ដែលមានពណ៌ស ជាមួយនឹងពណ៌របស់ផ្ទៃមេឃ។

Rolls Royce

ឈ្មោះរបស់ក្រុមហ៊ុនRolls Royce គឺជាការរួមបញ្ចូលគ្នារបស់ឈ្មោះបីតាស្ថាបនិកទាំងពីររបស់ Rolls Royce គឺលោកCharles Rolls និង លោក Henry Royce។

ស្លាកសញ្ញារបស់ក្រុមហ៊ុនរថយន្តប្រណីតមួយនេះ គឺមានអក្សរ Rolls នៅខាងលើ និងRoyce នៅខាងក្រោម ជាមួយនឹងអក្សរRចំនួនពីរ ត្រួតពីលើគ្នា ដែលតំណាងឲ្យទំនាក់ទំនងដ៏ល្អ និងស្អិតរម្មួតរបស់បីតាស្ថាបនិកទាំងពីរ។ ចំណែកឯរូបតុបតែងនៅលើក្បាលរថយន្ត ជានារីឈរបក់ដៃទៅក្រោយរាងរូចស្លាបនោះ គឺតំណាងឲ្យសម្រស់នៃអារម្មណ៍ ដ៏អណ្តែតអណ្តូង។

Ferrari

ស្លាកសញ្ញារបស់ក្រុមហ៊ុន Ferrari គឺមានរូបសេះខ្មៅមួយឈរជើងពីរនៅក្នុងផ្ទៃខែលពណ៌លឿង ដោយនៅក្រោមជើងសេះខ្មៅនោះមានអក្សរ S និង អក្សរ F ហើយនៅខាងលើរូបខែលនោះ គឺមានឆ្នូតពណ៌របស់ទង់ជាតិអ៊ីតាលី។

រូបសេះ ដែលមាននៅក្នុងស្លាកសញ្ញារបស់ក្រុមហ៊ុន Ferrari នេះគឺតំណាងឲ្យរូបសេះ ដែលមាននៅលើយន្តហោះ ចំបាំងរបស់វីរៈបុរសរបស់ប្រទេសអ៊ីតាលី នៅក្នុងសង្គ្រាមលោកលើកទី1 ដែលមានឈ្មោះថាលោក Francesco Baracca។ ចំណែកអត្ថន័យរបស់ពណ៌ខ្មៅ នៃសេះនោះគឺចង់បង្ហាញពីទុក្ខសោក បន្ទាប់ពីវីរៈបុរសនោះត្រូវបានស្លាប់ នៅក្នុងសង្គ្រាម។ សំរាប់ផ្ទៃពណ៌លឿង ដំណាងឲ្យទីក្រុងModena ដែលជាស្រុកកំណើតរបស់វីរៈបុរសនោះ។

Lamborghini

ពេលដែលនិយាយដល់ Lamborghini អ្នកទាំងអស់គ្នាប្រាកដជានឹកឃើញ ដល់ស្លាកសញ្ញារូបគោជល់របស់វាភ្លាម។ តើមូលហេតុអ្វីដែលធ្វើឲ្យបីតាស្ថាបនិក ក្រុមហ៊ុនរថយន្តស្ព័រប្រណីតមួយនេះ ជ្រើសរើសរូបសត្វគោជល់ ជាស្លាកសញ្ញាប្រចាំក្រុមហ៊ុននោះ? ការសំរេចចិត្តទាំងអស់នេះគឺដោយសារឆ្នាំកំណើត របស់បីតាស្ថាបនិករបស់ក្រុមហ៊ុន Lamborghini ដែលមានឈ្មោះថា Ferruccio Lamborghini គឺស្ថិតនៅក្នុងឆ្នាំគោ នៃសត្វទាំង12 របស់ក្រិក។

មូលហេតុមួយទៀតនោះ គឺដោយសារគាត់មានចំណង់ ចំណូលចិត្តលើវិស័យកីឡាចាក់គោរបស់អ៊ីតាលីផងដែរ។

TOYOTA

ស្លាកសញ្ញាររបស់ក្រុមហ៊ុន TOYOTA មានរង្វង់រាងពងក្រពើចំនួនពីរតភ្ជាប់គ្នា នៅក្នុងរង្វង់ពងក្រពើធំមួយ ការតជាប់គ្នានៃរង្វង់មូលពងក្រពើទាំងអស់នេះ តំណាងឲ្យការជឿជាក់គ្នា រវាងក្រុមហ៊ុន TOYOTA និងអតិថិជនរបស់គេ ហើយការតភ្ជាប់នៃរង្វង់មូលពងក្រពើទាំងនោះ ក៏បានបង្ហាញជារូបអក្សរ T ដែលដំណាងឲ្យ TOYOTA ផងដែរ។ រង្វង់រាងពងក្រពើទាំងបីនេះ បង្ហាញអំពីបេះដូងនៃអតិថិជន បេះដូងនៃផលិតផល ភាពរីកចំរើននៃបច្ចេកវិទ្យា និងឱកាសដែលគ្មានព្រំដែននៅពេលខាងមុខ។

MAZDA

ឈ្មោះរបស់ក្រុមហ៊ុន MAZDA បានយកតាមឈ្មោះរបស់ព្រះជំនាន់បុរាណរបស់ប្រទេសអឺរ៉ង ដែលAhura Mazda គឺជាព្រះនៃបញ្ញា ភាពឆ្លាតវៃ និងភាពសុខដុមរមនា។ ស្លាកសញ្ញា MAZDA នាពេលបច្ចុប្បន្នគឺបានកែប្រែនៅក្នុងឆ្នាំ1998 ដោយវាមានរូបរាងជាអក្សរM នៅក្នុងរង្វង់។ អក្សរ M នៅក្នុងរង្វង់ ដែលមានរាងដូចជាស្លាបមួយគូ តំណាងឲ្យការហោះហើរឆ្ពោះទៅកាន់ពេលអនាគត។

សំរាប់អក្សរ V នៅចំកណ្តាលនៃអក្សរ M គឺតំណាងឲ្យគំនិតច្នៃប្រឌិត ភាពរឹងមាំ ភាពបត់បែន និងចំណង់ចំណូលចិត្តរបស់ក្រុមហ៊ុន Mazda។ សំរាប់រូបសញ្ញាទាំងមូលវិញ គឺតំណាងឲ្យអារម្មណ៍ដ៏ម៉ឺងម៉ាត់ និងយ៉ាងមោះ​មុតថា គ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Mazda នឹងទទួលបានការគាំទ្រ។

Audi

សំរាប់ស្លាកសញ្ញារបស់ក្រុមហ៊ុនរថយន្តភាគច្រើន គឺមានរូបតំណាងសត្វ ឬ អក្សរពីរបីតួរ តែបើយើងក្រឡេកមកមើលស្លាកសញ្ញា របស់ក្រុមហ៊ុនAudiវិញនោះ យើងនឹងមានអារម្មណ៍ថា វាពិតជាសាមញ្ញណាស់ ដោ​យ​​សារវាមានតែរូបរង្វង់មូលបួនភ្ជាប់គ្នាប៉ុណ្ណោះ។

សំរាប់អត្ថន័យរបស់ស្លាកសញ្ញារបស់ក្រុមហ៊ុននេះ ក៏សាមញ្ញដែលគឺវាតំណាងឲ្យការរួមបញ្ចូលគ្នា របស់ក្រុមហ៊ុនទាំងបួនគឺAudi Horch DKW និង Wanderer ក្នុងឆ្នាំ 1932 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here