ដោយ៖ សុផារី
ភ្នំពេញ៖ ធនាគារ ជាតិនៃ កម្ពុជា បាន ថ្លែង ថា បច្ចុប្បន្ននេះ សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាមានប្រមាណជាង៩០ភាគរយនិងបានរួមចំណែកជិត៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង៧០ភាគរយនៃកម្លាំងពលកម្ម។
នេះបើតាមសេចក្តី ប្រកាស ព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២១ ស្ដីពី “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកស្រី Alissar Chaker តំណាងយូអិនឌីភីប្រចាំកម្ពុជា (UNDP Cambodia) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
អង្គសន្និសីទបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ដែលបច្ចុប្បន្នមានប្រមាណជាង៩០% និងបានរួមចំណែកជិត ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% នៃកម្លាំងពលកម្ម។ សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ប្រហែលជា៩៩ភាគរយជាកម្មសិទ្ធិរបស់ជនជាតិប្រជាជនខ្មែរ ក្នុងនោះអាជីវកម្មគ្រួសារមាន៧៤,៨ភាគរយ និងប្រហែល៩៣ភាគរយ មិនត្រូវបានចុះបញ្ជីជាផ្លូវការនោះទេ។
បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនចំនួន៣៣ភាគរយ ជាក្រុមហ៊ុនឯកកម្មសិទ្ធិហើយ ៤០,៨ភាគរយ គ្រប់គ្រងដោយបុគ្គលពីរនាក់ឡើងទៅ ដោយស្ត្រីបានចូលរួមនៅក្នុង៦១ភាគរយនៃការងារ។
បើគិតក្នុងតំបន់ ១៨,៨ភាគរយនៃសហគ្រាសធុនតូចនិងមធ្យម មានទីតាំងនៅទីក្រុងភ្នំពេញ ចំណែក៨១,២ភាគរយនៅតំបន់ជនបទដូចជា កំពង់ចាម កណ្តាល សៀមរាប និងតាកែវ។
នៅក្នុងវិបត្តិជំងឺកូវីដ-១៩ សហគ្រាសធុនតូចនិងមធ្យមបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់ ដូចជាតម្រូវការលើផលិតផលនិងប្រាក់ចំណេញ ការខ្វះដើមទុន ការខ្វះបុគ្គលិកដែលមានជំនាញច្បាស់លាស់ និងលទ្ធភាពទទួលបានព័ត៌មានទីផ្សារ ឥណទាន និងបច្ចេកវិទ្យានៅមានកម្រិត។ល។ ទោះយ៉ាងណា វិបត្តិសុខភាពនេះបានលើកទឹកចិត្តឱ្យ SMEs ងាកទៅរកការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីឱ្យស្របតាមការប្រែប្រួលនៃបច្ចេកវិទ្យា។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនមានដូចជា ការលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ការបង្កើត មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មូលនិធិអភិវឌ្ឍន៍ជំនាញ កម្មវិធីសហហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យម សាជីវកម្មធានាឥណទានកម្ពុជា និងកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ជាដើម៕