ក្នុងបរិបទជំងឺកូវីដ១៩ កម្ពុជាអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន១៩៥គម្រោង

ដោយ៖ សុផារី

ភ្នំពេញ÷ក្នុងបរិបទជំងឺកូវីដ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ១៥១ ០០០កន្លែង។

នេះបើតាមការថ្លែងរបស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបង្ការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ លំនឹងជីវភាពប្រជាជន និងធុរកិច្ច។

លោកក៏បានស្នើសុំភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោល នយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។

លោកក៏បានបញ្ជាក់ថា ទោះបីជាប្រទេសយើងបានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោល បំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើក កម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here