ដោយ: ម៉ាលីស
ភ្នំពេញ៖ ប្រទេសជាច្រើនលើសកលលោកកំពុងរងគ្រោះដោយជំងឺកូរ៉ូណា។ មេរោគរាតត្បាតដល់អាយុជីវិត កូវីដ-១៩ កំពុងធ្វើឲ្យមនុស្សយើងរស់នៅដោយភាពប្រុងប្រយ័ត្ន និងភ័យខ្លាច។ ជីវិត និងការប្រកបអាជីវកម្មរបស់មនុស្សកំពុងតែពុះពារយ៉ាងលំបាកដោយសារមេរោគដ៏កាចសាហាវមួយនេះ។ ខាងក្រោមជាគន្លឹះមួយចំនួនសម្រាប់ការបន្តដំណើរការអាជីវកម្មអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ៖
១. វាយតម្លៃការខាតបង់
វាជាការចាប់ផ្ដើមដ៏ល្អក្នុងការវាយតម្លៃការខាតបង់នៃអាជីវកម្មរបស់អ្នក ដែលអ្នកអាចដឹងច្បាស់ពីស្ថានភាព និងទំហំខាតបង់ ហើយធ្វើឲ្យអ្នកអាចធ្វើផែនការដើម្បីទប់ស្កាត់ការខាងបង់នោះ។ លទ្ធផលការវាយតម្លៃក៏អាចឲ្យអ្នករៀបចំយុទ្ធសាស្រ្ត ដើម្បីបន្តប្រតិបត្តិការអាជីវកម្មរបស់អ្នកផងដែរ។
២. រក្សាទំនាក់ទំនងជាមួយអតិថិជនចាស់
ខណៈដែលអ្នកមានការលំបាក ក្នុងការស្វែងរកអតិថិជនថ្មីអំឡុងពេលការរាតត្បាតនៃជំងឺ អ្នកអាចរក្សាទំនាក់ទំនងជាមួយអតិថិជនចាស់របស់អ្នកឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ។ អ្នកអាចកំណត់អត្តសញ្ញាណរបស់ពួកគេ និងកំណត់ថាតើពួកគេត្រូវការអ្វីចាំបាច់អំឡុងពេលពីរ ឬបីខែទៅមុខទៀត។ អ្នកអាចសួរលេខទំនាក់ទំនងរបស់ពួកគេ ឬផ្ដល់លេខទំនាក់ទំនងរបស់អ្នក ដែលធ្វើដូចនេះអាចឲ្យពួកគេទទួលបានព័ត៌មានថ្មីៗពីសេវាកម្ម ឬផលិតផលរបស់អ្នក។ វាពិតជាប្រសើរខ្លាំងណាស់ ប្រសិនបើអ្នកអាចផ្ដល់នូវអ្វីថ្មីដែលអតិថិជនរបស់អ្នកត្រូវការ។ឧទាហរណ៍ ប្រសិនបើអ្នកលក់ម្ហូបអាហារ អ្នកគួរតែរក្សាគម្លាតរវាងអតិថិជនរបស់អ្នក ផ្ដល់អាហារដែលមានសុវត្ថិភាព និងចំអិនប្រកបដោយអនាម័យ ហើយត្រូវរក្សាតុ និងកន្លែងលក់របស់អ្នកឲ្យមានអនាម័យជានិច្ច។ល។ ការអនុវត្តបែបនេះបង្ហាញថាអ្នកយកចិត្តទុកដាក់លើអតិថិជនរបស់អ្នកក្នុងស្ថានភាពដែលលំបាក។
៣. ធ្វើបច្ចុប្បន្នភាពថវិកាអាជីវកម្មរបស់អ្នក
អាជីវកម្មរបស់អ្នកអាចជួបប្រទះនឹងការក្ស័យធន ប្រសិនបើអ្នកមិនបានគ្រប់គ្រងថវិការបស់អ្នកដោយប្រុងប្រយ័ត្ននោះទេ។ អ្នកគួរពិនិត្យ និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ លើប្រភពទាំងអស់នៃចំណូល និងចំណាយ ដើម្បីឲ្យដឹងថាតើអ្នកអាចកាត់ការចំណាយដែលមិនចាំបាច់មួយចំនួន ដូចជាការចំណាយលើបុគ្គលិក ការជួលការិយាល័យ ឬសេវាកម្មខាងក្រៅជាដើម ។ល។
៤. ធ្វើផែនការអាជីវកម្មរយៈពេលខ្លី
ដើម្បីបង្ការផលប៉ះពាល់ភ្លាមៗដែលមិនអាចស្មានដឹងដោយមេរោគកូវីដ-១៩ អ្នកអាចបង្កើតភ្លាម ៗ នូវផែនការ/យុទ្ធសាស្រ្តអាជីវកម្មរយៈពេលបីខែ។ ផែនការនេះនឹងបង្ហាញអ្នកនូវជំហានពិតប្រាកដដើម្បីកាត់បន្ថយការខាតបង់ និងធ្វើឲ្យប្រសើរឡើងលើប្រតិបត្តិការបច្ចុប្បន្នរបស់អ្នកក្នុងអំឡុងពេលកំណត់មួយ។ អ្នកអាចផ្លាស់ប្ដូរផលិតផលរបស់អ្នក ទៅជាការទិញលក់តាមបណ្ដាញអ៊ិនធឺណិត (online) ដែលមានការដឹកជញ្ជូនដល់ទីកន្លែងដោយមិនគិតប្រាក់ ជំនួសឲ្យការលក់នៅហាង ឬភោជនីដ្ឋានរបស់អ្នក។ អ្នកក៏អាចប្ដូរផលិតផលរបស់អ្នកទៅជាផលិតផល ឬប្រភេទសេវាកម្ម ដែលមានតម្រូវការខ្ពស់ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។
៥. ការបញ្ចុះតម្លៃពិសេស
ក្នុងអំឡុងពេលរាតត្បាតនៃជំងឺ មនុស្សភាគច្រើនមិនចង់ចំណាយប្រាក់លើសម្ភារដែលមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសលើផលិតផល ឬសេវាកម្មរបស់អ្នក នឹងអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ ទាំងការផ្សព្វផ្សាយដោយផ្ទាល់ និងតាមបណ្ដាញអ៊ិនធឺណិត គឺត្រូវការដើម្បីផ្សព្វផ្សាយការផ្ដល់ជូននេះដល់អតិថិជនគោលដៅរបស់អ្នក។
៦. ការគាំទ្រពីរដ្ឋាភិបាល
រដ្ឋាភិបាលក្នុងប្រទេសនីមួយៗ ដែលរងការប៉ះពាល់ពីជំងឺកូរ៉ូណា បានរៀបចំផែនការយ៉ាងជាក់លាក់ ដើម្បីជួយដល់អាជីវកម្មនានាក្នុងប្រទេសរបស់ពួកគេ។ សូមតាមដានព័ត៌មានថ្មីៗស្ដីពី អន្តរាគមន៍មួយចំនួនរបស់រដ្ឋាភិបាល ដែលអាចជួយដល់ផ្នែកណាមួយនៃអាជីវកម្មរបស់អ្នក ដូចជា ការពង្រឹងលំហូរឥណទាន ជំនួយផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ។ល៕