ដោយ៖ សុផារី
ព្រះសីហនុ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ ទទួលបាន២,០០១ពាន់លានដុល្លាអាមេរិក កើនឡើង៤០.០៣ភាគរយ ធៀបរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។
នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី។
ក្នុងឱកាសនោះក៏មានពិធីចុះហត្ថលេខាចំនួន៤ដូចខាងក្រោម៖
១.ពិធីចុះហត្ថលេខាគម្រោងផលិតសំបកកង់ នៃក្រុមហ៊ុន Jiangsu General Science Technology Co,Ltd។
២.ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងផ្ដល់ជំនួយសាងសង់សួនកុមារ និងបន្ទប់ទឹកអនាម័យសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រវាងសាខាកាកបាទក្រហមនៃទីក្រុង វូស៊ី និងខេត្តជាំងស៊ូ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
៣.ពិធីប្រគល់អំណោយនូវមជ្ឈមណ្ឌលសកម្មភាពវប្បធម៌មិត្តភាពចិន-កម្ពុជាដល់បុគ្គលិកក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដោយសហព័ន្ធសហជីពទីក្រុង វូស៊ី។
៤.ពិធីសម្ពោធសេវាពិគ្រោះយោបល់ពីចម្ងាយសម្រាប់ប៉ុស្តិ៍សុខភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕
លោក ទូ ហ្សាវកាង (Du Xiaogang) បានឱ្យដឹងថា កិច្ចប្រជុំតាមវីឌីអូ ដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១,៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២,០០១លានដុល្លាអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។
លោកបានបញ្ជាក់ថា ទីក្រុង វូស៊ី ធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ លោក ស៊ី ជិនភីង ប្រមូលធនធាន និងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីមិត្តភាពកម្ពុជា ចិន និងកិច្ចសហប្រតិបត្តិការរបស់ខេត្ត ក្រុងទាំងពីរ។ ការខិតខំដំណើរការលើផ្លូវឧស្សាហកម្មទទួលបានផលប្រយោជន៍ទាំងសងខាង លើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ខ្លួនផ្ទាល់ឱ្យកាន់តែប្រសើរ ពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ច ពង្រីកវិសាលភាពសហប្រតិបត្តិការសហគ្រាស ដើម្បីសម្រេចភាពរុងរឿង ជាក្តីស្រមៃរបស់យើងទាំងអស់គ្នា។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងទីក្រុង វូស៊ី ជាខេត្តសម្ព័ន្ធមេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំងពីររក្សានូវទំនាក់ទំនង និងរៀបចំកម្មវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហូដូ គ្រុប នៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ គឺធ្វើជាស្ពាន និងជាវេទិកា ដើម្បីទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ៕