អាមេរិកគ្រោងនឹងផ្ដល់ហិរញ្ញប្បទាន៣០០លានដុល្លារសម្រាប់អភិវឌ្ឍន៍កម្ពុជារយៈពេល៥ឆ្នាំ

ដោយៈ លក្ខិណា

ភ្នំពេញៈ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ឥតសំណងប្រមាណ៣០០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗគាំទ្រដល់សេដ្ឋកិច្ច។ នេះបើតាមលទ្ធផលនៃពិភាក្សា លើវឌ្ឍនភាពសម្រេចបាន នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ធ្នូនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ក្រោយជំនួបនេះឱ្យដឹងថា វិស័យសំខាន់ៗ សម្រាប់អនុវត្តន៍ក្រោមជំនួយរបស់អាមេរិកមាន ដូចជា សុខាភិបាល អប់រំ បរិស្ថាននិងកសិកម្ម ហើយគម្រោងនេះ នឹងត្រៀមចុះហត្ថលេខានៅដើមឆ្នាំ២០២២ខាងមុខនេះផងដែរ ។

លោកឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ា​ង​ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្មបរិស្ថាន អភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១៥លានដុល្លារអាមេរិក និង វ៉ាក់សាំងកូវីដ-១៩ (Johnson & Johnson) ចំនួនប្រមាណ១,០៦ លានដូស ដល់កម្ពុជាសម្រាប់គាំទ្រ ដល់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការស្តារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Patrick W. Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក៏បាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងការសម្រេចតាមផែនការ ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា។

កម្ពុជា និងសហរដ្ឋអាមេរិក ក៏បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here