កម្ពុជានឹងទទួលបានទីផ្សារអត្រាពន្ធសូន្យភាគរយ ក្រោយ FTA ជាមួយកូរ៉េខាងត្បូងចូលជាធរមាននៅដើមឆ្នាំក្រោយ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េខាងត្បូងបាននិងកំពុងដំណើរទៅមុខយ៉ាងរលូនទោះបីជាមានឧបសគ្គដោយសារតែកូវីដ១៩ក្ដី។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ធ្នូ២០២១នេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏បានពិភាក្សាលើរបៀបវារៈស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េខាងត្បូងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបង្ហោះក្នុងបណ្ដាញសង្គមរបស់លោកនៅព្រឹកថ្ងៃ១៦ធ្នូនេះថា ការលើកយករបៀបវារៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េខាងត្បូងមកពិភាក្សានេះ គឺដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខនេះ ហើយនឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េកាន់តែកើនឡើងបន្ថែមទៀត។

លោកបន្តថា គោលបំណងនៃការចរចាកិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយអនុលោមតាមមាត្រា២៤ នៃកិច្ចព្រមព្រៀងទូទៅ ស្ដីពីពន្ធគយនិង ពាណិជ្ជកម្ម (GATT) ឆ្នាំ១៩៩៤ និងមាត្រា៥នៃកិច្ចព្រមព្រៀងទូទៅស្ដីពីពាណិជ្ជកម្មសេវា (GATS) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុញ្ញាតឲ្យប្រទេសសមាជិតរបស់អង្គការ WTO ធ្វើការចរចា និងចុះហត្លលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលក្ខណៈទ្ចេភាគីឬពហុភាគី។

លោកបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញកន្លងមក និងមុខទំនិញយុទ្ធសាស្រ្ដសំខាន់ៗរបស់កម្ពុជាដទៃទៀត ក្នុងអត្រាពន្ធ0% ដែលបានស្នើដោយអន្ដរក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមពាក់ព័ន្ធសំខាន់ៗ ដូចតទៅ៖

ទំនិញឧស្សាហកម្ម រួមមាន៖ កង់ ជ័រកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងសង្ហារឹម នំក្រៀម ស្ករស ស្ករអំពៅ ការបូបយួរដៃ វ៉ាលី ខ្សែភ្លើង ខ្សែកាបអេឡិចត្រូនិកអគ្គិសនី សម្ភារៈកីឡា របស់តុបតែងធ្វើពីវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំកំព្យូទ័រ

ទំនិញកសិកម្ម រួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដំឡូង ផ្សិត មអ្ឃុត ដូង ម្នាស់ ឪឡឹក ទុរេន ត្របែក រមៀត ពោត ថ្នាំជក់ គ្រាប់កាហ្វេ ប្រភេទសាច់ និងទំនិញ វារីវប្បកម្មមួយចំនួន

លើសពីនេះ កម្ពុជាទទួលបានទីផ្សារអត្រាពន្ធ0%លើទំនិញអាហារកែឆ្នៃពីអង្គរ (គុយទាវ នំក្រៀម និងនំស្រួយ ផលិតពីអង្គ) និងប្រភេទទំនិញ កសិកម្មកែឆ្នៃ (សំបុកត្រចៀកកាំ ទំនិញកែឆ្នៃពីត្រី ផ្លែមៀន ទំនិញកែឆ្នៃពីដូង ជាដើម។

ការចរចាកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយការពិចារណា និងយកចិត្ដទុកដាក់ខ្ពស់អំពីភាពខុសគ្នានៃកម្រិតនៃភាពអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េ ហើយគោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម រវាងគូភាគីដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្ដរជាតិ ជំរុញការប្រកួតប្រជែងរវាងគូភាគី ជាពីសេសការប្រកួតប្រជែងដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច។ លើសពីនេះ លើកកម្ពស់តម្លាភាពនៃវិធានការពាណិជ្ជកម្មនិងវិនិយោគរបស់គូភាគី តាមរយៈការចែករំលែកនូវឧត្ដមានុវត្ដន៍ និយ័តកម្ម និងការជំរុញនវានុវត្ដន៍ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើតក្របខ័ណ្ឌសម្រាប់ជំរុញបន្លែមនូវកិច្ចសហប្រតិបត្ដិការ សំដៅពង្រីក និងលើកកម្ពស់សារៈប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ជំរុញការនាំចេញ និងបង្កើនទំហំផលិតកម្មទំនិញ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប្រសើរឡើងនូវបទប្បញ្ញត្ដិពាក់ព័ន្ធវិធានដើមកំណើត និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការលើកម្ពស់តម្លាភាព និងធ្វើសាមញ្ញកម្មលើវិធានដើមកំណើត និងនីតិវិធីប្រតិបត្ដិនៃវិញ្ញាបនបត្រដើមកំណើត ក៏ដូចជាកាត់បន្ថយនីតិវិធី និងបែបបទរដ្ឋបាលដែលមិនចាំបាច់ សម្រាប់សម្រួលដល់ពាណិជ្ជករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម សំដៅលើកកម្ពស់លទ្ធភាពនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here