ដោយ៖ សុផារី
ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមរបស់លោក កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ កម្ពុជានៅមានបញ្ហាប្រឈមក្នុងការឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និង ជំនាញ និងបច្ចេកវិទ្យាទំនើបត្រឹមឆ្នាំ២០២៥។
នេះបើតាមរយៈរបាយការណ៍នៃកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តីលើរបៀបវារៈស្តីពី “ សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥”។
តាមរយៈការវាយតម្លៃបង្ហាញថា ចក្ខុវិស័យគោលនយោបាយ IDP ក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥ សម្រេចបានលទ្ធផលដោយផ្នែក។
បើតាមការប្រភពដដែល ចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប (ផ. ស. ស.) បានកើនពី២៧,៧% ក្នុងឆ្នាំ២០១៥ ដល់៣៤,២% ក្នុងឆ្នាំ២០១៩ មានអត្រាខ្ពស់ជាងគោលដៅឆ្នាំ២០២៥(៣០%) ដែលបានកំណត់ដោយគោលនយោបាយ IDP។
ដោយឡែក ចំណែកនៃវិស័យកម្មន្តសាលក្នុងផលិតផលក្នុងស្រុកសរុប (ផ. ស. ស.) មានការកើនឡើងយឺតជាងការរំពឹងទុក ដោយបានកើនឡើងពី១៦% នៅឆ្នាំ២០១៥ ដល់ត្រឹម១៦, ៣% ក្នុងឆ្នាំ២០១៩ ដែលហាក់នៅឆ្ងាយពីគោលដៅឆ្នាំ២០២០ (១៨%) និង គោលដៅឆ្នាំ២០២៥ (២០%) នៅឡើយ។
ជាងនេះទៅទៀត ចំណែកនៃការនាំចេញផលិតផលដែលប្រើបច្ចេកវិទ្យាមធ្យមនិងខ្ពស់ធៀបនឹងការនាំចេញទំនិញកម្មន្តសាលសរុប បានកើនឡើងបន្តិចពី៨,៩% ក្នុងឆ្នាំ២០១៥ ដល់ត្រឹម ៩%ក្នុងឆ្នាំ២០១៩ ប៉ុណ្ណោះ ដែលបង្ហាញថាកម្ពុជានៅមានបញ្ហាប្រឈម ក្នុងការឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងជំនាញ និងបច្ចេកវិទ្យាទំនើបត្រឹមឆ្នាំ២០២៥៕