ការនាំចេញផលនេសាទនឹងកើនឡើងច្រើននៅបណ្តាឆ្នាំខាងមុខ

ដោយៈម៉ាលីនណា

ភ្នំពេញៈ ខណៈការនាំចេញផលនេសាទរបស់កម្ពុជា នៅតែមានកំណើន ទោះបីជាមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែជាការរំពឹងទុកសម្រាប់ឆ្នាំ២០២២ខាងមុខ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេអះអាងថា នឹងអាចកើនឡើងច្រើន ដោយសារកម្ពុជាបាននិងកំពុងរៀបចំឯកសារបែបបទ ជាមួយភាគីចិនដើម្បីនាំចេញ។

លោកអ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកថា គិតមកដល់បច្ចុប្បន្ននេះ ការនាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃទៅកាន់ទីផ្សារក្រៅស្រុក មានបរិមាណសរុប ៣៣២០តោន ស្មើនឹងទំហំទឹកប្រាក់សរុបចំនួនជាង៤លាន ២ម៉ឺនដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “សព្វថ្ងៃនេះ ការនាំចេញផលនេសាទ មិនទាន់មានភាពទូលំទូលាយច្រើននៅឡើយទេ គឺមានតែសម្រាប់នាំសម្រាប់ប្រទេសជុំវិញខ្លួន និងសឹង្ហបុរីតែប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយចូលរួមចំណែកការពារ និងថែរក្សាធនធានជលផលរបស់យើង ជាពិ​សេ​សការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាង និងសូមបញ្ឈប់ការប្រើឧបករណ៍ឆក់ត្រីជាដើម ដើម្បីបង្កើនស្តុកក្នុងស្រុក។

លោកឲ្យដឹងទៀតថា ជាយុទ្ធសាស្រ្តរបស់រដ្ឋបាលជលផលយើងសង្ឃឹមថា នៅឆ្នាំខាងមុខយើងត្រូវបង្កើនវារីវប្បកម្មឲ្យបានច្រើន យើងគិតថាឲ្យកើនឡើងជាងឆ្នាំមុន ព្រោះកាលណាពេលធម្មជាតិ កំណើនប្រជាជនកើន បឹងបួរបស់យើងវាកាន់តែតូច ញ្ចឹងផលនេសាទពីធម្មជាតិ ដូច្នេះយើងខំរក្សាយ៉ាងណាឲ្យវាថេរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ការនាំចេញផលនេសាទស្រស់ សម្រេចបានចំនួន១,៩៤៥តោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ថយចុះចំនួន ៧,២៤៥តោន។ ចំណែកការផលនេសាទកែច្នៃបាន២៣៤តោន ធៀបរយៈពេលដូចគ្នាក្នុង២០១៩ ថយចុះចំនួន៤,៦៧៦តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here