ដោយ វឌ្ឈនៈ
ភ្នំពេញៈ កំនើននៃការមកដល់របស់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិនបានធ្វើឲ្យព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានសកម្មភាពហោះហើរឡើ់ងវិញកាន់តែច្រើន។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០នេះ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលបានជើងហោះហើរចំនួន២៤ជើង ដែលមានភ្ញៀវសរុប១,៩២៤ នាក់/ស្រី៣៨១នាក់។
លោកនងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងកាលពីចុងសប្តាហ៍កន្លមកនេះ ថា កំណើន ជើងហោះដឹកភ្ញៀម មកកាន់ខេត្តព្រះសីហនុនេះ នឹងជួយជំរុញឱ្យអាជីវកម្មនានា ជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តនឹងចាប់ផ្តើមកំរើកឡើងវិញ។
លោកថ្លែងថា “អ្នកដំណើរទាំងអស់ តាមរយៈជើងហោះហើរនេះ មកពីប្រទេសចិន មាន : ម៉ាកាវ ហ្គង់ចូវ គួនមិញ ។ អ្នកដំណើរទាំងអស់កំពុងស្ថិតនៅកន្លែងចត្តាលីស័ក្ត អញ្ចឹងហើយយបានមិនសូវឃើញពួកគាត់ដើរក្នុងទីក្រុង និងតាមកន្លែងសាធារណៈនានា។ ក្រោយពីនោះពួកគាត់នឹងចេញចរាចរណ៏ដូចពីមុន”។
លោកបន្ថែមថា “កន្លែងណាដូចកន្លែងណាដែរ កាលណាមានមនុស្សចេញចូលច្រើន ចរន្តលុយក៏ធ្វើចរាចរណ៏សកម្មតាមនោះដែរ ព្រោះមនុស្សត្រូវការហូបមធ្យោបាយផ្សេងៗ។ តាមការសង្កេតជាក់ស្តែង ជនជាតិចិនគាត់មានទំលាប់ហូបច្រើន ចំណាយច្រើន”។ លោកថា “អញ្ចឹងទេ វត្តមានជាថ្មីរបស់ពួកគាត់ ខ្ញុំសង្ឃឹមថាសេដ្ឋកិច្ចខេត្តព្រះសីហនុ អាចនឹងល្អប្រសើរមួយកំរិត ទោះបីមិនល្អប្រសើរដូចមុនក៏ដោយ”។
ចំពោះវិធានការនៃការឆ្លងជំងឺ Covid-19 វិញ លោកនងឌី ណារ៉ាបានថ្លែងថា គោរពតាមបទដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល រាល់ជនជាតិចិនឬជនបរទេសទាំងឡាយណា ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងទីតាំង ដែលកំណត់ដោយរដ្ឋបាលខេត្ត។
លោកបន្តថា “ជាជំហ៊ានដំបូង យើងយកសំណាករបស់ពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ យ៉ាងហោចណាស់ត្រូវប្រើពេល៨ម៉ោងទៅ២ថ្ងៃ ទើបលទ្ធផលចេញជាជំហ៊ានដំបូង”។ លោកបន្តថា “នៅពេលយើងពិនិត្យទៅឃើញ មានវិជ្ជមានមួយរូបណាមួយ អ្នករួមដំណើរទាំងអស់ ត្រូវដាក់នៅក្នុងទីតាំងមួយដែលគេកំណត់ ហើយត្រូវព្យាបាលអ្នកដែលមានវិជ្ជមានហ្នឹងទាល់តែជា ហើយអ្នកផ្សេងទៀត ត្រូវពិនិត្យសុខភាពជាប្រចាំ រហូតដល់អ្នកជំនាញសុខាភិបាលថា មានស្ថានភាពប្រសើរទើបឱ្យពួកគេចេញ” ។
លោកបន្ថែមថា “ ប៉ុន្តែនៅពេលដែលពិនិត្យទទួលបានលទ្ធផល មិនមានវិជ្ជមានទេ យើងនឹងអនុញ្ញាតឱ្យគាត់ចេញ តែមិនអោយប្រាស្រ័យទាក់ទង ជាមួយអ្នកផ្សេងក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលគាត់ពិនិត្យជាលើកទី១ ហើយគាត់ត្រូវមកពិនិត្យសុខភាពតាមការកំណត់របស់ពេទ្យជាបន្តទៀត ហើយបន្ទាប់ពីពិនិត្យអត់ឃើញមានវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ គាត់អាចដើរហើរ ប្រាស្រ័យទាក់ទង និងធ្វើការដូចមនុស្សទូទៅបានផងដែរ” ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “នេះគឺជាសញ្ញាល្អ វិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ គឺបាន និងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់ តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិតហ្គេមអនឡាយ ជាពិសេសវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យវិស័យមួយនេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ”។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើលទ្ធភាពក្នុងការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ នៃការរីករាលដាលនៃជំងឺឆ្លងCovid-19 នៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសចិន វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យមួយចំនួនទៀតនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ នឹងកាន់តែល្អប្រសើរ៕