ដោយៈលក្ខិណា
ភ្នំពេញៈ ប្រាក់ឈ្នួលអប្បរ ក្នុងប្រទេសកម្ពុជានៅតែបន្តតំឡើងរយៈពេល២ឆ្នាំជាប់គ្នា ពោលគឺក្នុងវិបត្តិកូវីដ១៩ឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្ដល់ឱកាស ឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បរមានោះឡើយ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ប្រាក់ឈ្នួលសកលឆ្នាំ២០២០-២០២១ នៅថ្ងៃទី១៥ ធ្នូ២០២១នេះថា ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកកដាក់ របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គមសេដ្ឋកិច្ច និងការងារទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករ និយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ( ILO ) ។
របាយការណ៍ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២០-២០២១នេះបានសិក្សាពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា ក្នុងការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងរបៀបនៃការកំណត់ ឬការចរចាប្រាក់ឈ្នួលអប្បបរមា ដែលអាចដើរតួនាទីសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ ការផ្សព្វផ្សាយ អំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ក៏បានបង្ហាញយ៉ាងច្បាស់នូវការបន្តការគាំទ្រយ៉ាងសកម្ម របស់អង្គការ ILO ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ សំដៅលើកម្ពស់កម្រិតជីវភាព រស់នៅរបស់កម្មករ និយោជិត លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាស សម្រាប់សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការ នៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន្ននិងអនាគត ។
ក្នុងឆ្នាំ២០២០ ប្រាក់ឈ្មួលអប្បបរមារបស់កម្មករ និយោជិតកម្ពុជាមាន១៩០ដុល្លារអាមេរិកក្នុងមួយខែ ឆ្នាំ២០២១ មាន១៩២ដុល្លារអាមេរិកកើនឡើងពី១៩០ក្នុងឆ្នាំ២០២០ និងបានកើនឡើងដល់១៩៤ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ពោលគឺបានកើនឡើង២ដុល្លារបន្ថែមទៀត។
យ៉ាងណាក្ដីក្នុងស្ថានភាព ពិតជាក់ស្ដែងកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាច្រើនជាងប្រាក់ឈ្នួល ដែលបានកំណត់ទៅទៀតនៅពេលបូកជាមួយអត្ថប្រយោជន៍នានា ដែលរោងចក្រ និងសហគ្រាសនានាបាននិងកំពុងផ្ដល់ជូន៕