ធនាគារប្រៃសណីយ៍កម្ពុជា និងទ្រូម៉ាន់នីសហការគ្នាផ្តល់សេវាដាក់ប្រាក់

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារប្រៃសណីយ៍កម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់ អាចធ្វើការដាក់ប្រាក់ចូល ក្នុងគណនីធនាគារប្រៃសណីយ៍កម្ពុជាឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។

អតិថិជនអាចធ្វើដំណើរ ទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នីជាង១ម៉ឺនទីតាំងទូទាំងប្រទេស ដែលនៅជិតខ្លួនបំផុត ដោយគ្រាន់តែផ្តល់នូវលេខគណ​នីធនាគារ របស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។ អតិថិជនទាំងអស់ក៏អាចធ្វើការផ្ទេរប្រាក់ មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទដៃ របស់ទ្រួម៉ាន់នីបានដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងលោកស្រីឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំ ជាច្រើនរូបនៃស្ថាប័នទាំងពីរ។

លោកតូច ចៅចេក បានលើកឡើងថា កិច្ចសហប្រតិបត្តិការមួយនេះធ្វើឡើងក្រោមគោលដៅរួម ដើម្បីបម្រើផ្តល់សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៏ជា យុទ្ធសាស្រ្ត របស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យទទួលបាននូវការធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។

លោកស្រីឃួន ហ្វ្រង់ដារា បានលើកឡើងដែរថា ទ្រូម៉ាន់នី មានមោទនភាពដែលបានក្លាយជាដៃគូ ជាមួយស្ថាប័នហិរញ្ញវត្ថុ ដ៏មានកេរ្ដិ៍ឈ្មោះ និងគួរឱ្យកោតសរសើរ។ ទ្រូម៉ាន់នី ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សេវាកម្មដ៏មានសារៈប្រយោជន៍បំផុត ជូនដល់អតិថិជនទាំងទ្រូម៉ាន់នី និងធនាគារប្រៃសណីយ៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here