ធនាគារABA ដាក់ទុនវិនិយោគ៣០លានដុល្លារអាមេរិកទិញមូលបត្របំណុលពីក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ចាប់តាំងពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោប្រកាសលក់មូលនិធិបំណុល ឃើញថាមានក្រុមហ៊ុននិងធនាគារក្នុងប្រទេសកម្ពុជាជាច្រើនបានបណ្ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ជាក់ស្ដែងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ហៅកាត់ថា ABA បានចូលរួមវិនិយោគចំនួន៣០លានដុល្លារ ជាមួយហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីឱ្យដឹងថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន២៨ភាគរយហើយ ត្រូវនឹងទឹកប្រាក់៣៧៥លានដុល្លារ ដែលចំនួននេះ មិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួច ដោយក្រុមហ៊ុននោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឱ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ អន្តរជាតិតេជោនេះផងដែរ ។

សម្តេចតេជោ បានបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យ ពីរាជរដ្ឋាភិបាលផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន២.៦០០ហិចតា ដោយបានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០។ ការសាងសង់ចែកចេញជា៣ដំណាក់កាល ដោយទីតាំងស្ថានីយទី១ ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ នឹងអាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ។ ឯស្ថានីយដំណាក់កាលទី២ ដែលនឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here