ដោយៈ សុផារី
ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយម្ចាស់សណ្ឋាគាររ៉ូសវូតភ្នំពេញ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដិន សណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ សណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា និងសមាគមទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីឯកភាពបង្កើតស្នាដៃរួមគ្នា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រសួងទេសចរណ៍ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងតំណាងសណ្ឋាការទាំង៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិតសុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្តុះបណ្តាល វិជ្ជាជីវៈបម្រើដល់វិស័យទេសចរណ៍ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាព នៃវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការ បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ ដោយអនុវត្តតាមចក្ខុវិស័យ៤គឺ “ថោក ឆ្ងាញ់ គុណភាព និងស្នាមញញឹម” ដែលជាផ្នែកមួយចូលរួម ទាក់ទាញភ្ញៀវទេសចរបរទេស។
លោកក៏បានបង្ហាញពីទស្សនៈ ដែលកើតចេញពីការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ទៅលើ៥ប្រទេសរួមមាន វៀតណាម ម៉ាឡេស៊ី ថៃ សិង្ហបុរី និងកូរ៉េខាងត្បូង។
លោកក៏បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យមានតម្លៃទាប ត្រូវឈរលើគោលការណ៍មួយចំនួន រួមមាន ផលិតផលក្នុងស្រុក ត្រូវមានអ្នកជំនាញក្នុងស្រុកដោយខ្លួនឯង ត្រូវឱ្យផលិតបន្លែធម្មជាតិសរីរាង្គ។ ដូច្នេះ ដើម្បីធ្វើ ឱ្យតម្លៃផលិតផល ដែលផលិតឡើងមានតម្លៃទាប គឺទាមទារឱ្យមានការរួមគ្នាបង្កើតឡើងវត្ថុធាតុដើមនៅក្នុងស្រុក ជាពិសេសផ្តោតសំខាន់លើវិស័យកសិកម្ម ជាដើម។ល។
លោកបានបន្ដថា សម្រាប់រសជាតិឆ្ងាញ់ គឺត្រូវឈរលើគោលការណ៍ចំនួន៣សំខាន់ៗ រួមមាន វិជ្ជាជីវៈ ធ្វើយ៉ាងម៉េចឱ្យទាក់ទាញ ធ្វើយ៉ាងម៉េច ឱ្យល្អ ធ្វើយ៉ាងម៉េចឱ្យគេទទួលយកបាន គុណភាព គឺទាមទារទៅលើ៣ចំណុចរួមមាន គុណភាពមនុស្ស គុណភាពផលិតផល គុណភាពប្រទេសដែលមានបរិស្ថានល្អ ស្នាមញញឹម មានន័យថា តម្លៃទាប ឆ្ងាញ់ គុណភាព ដែលគេទទួលទានគ្មានបញ្ហា មានសុខភាពល្អ ហើយស្នាមញញឹម និងក្លាយទៅជាទីផ្សារដ៏សំខាន់។
លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបើកដំណើរប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល ដើម្បីស្រូបទាញភ្ញៀវទេសចរឡើងវិញនោះ ដូច្នេះការរៀបចំបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកសណ្ឋាការ បដិសណ្ឋាការកិច្ច និងផ្នែកម្ហូបអាហារនេះ គឺជាកត្តាចម្បងដែលយើងត្រូវតែធ្វើ។
លោកស្រីបានបន្តថា “សម្រាប់រៀបចំបង្កើតឱ្យមានផលិតផលថ្មី លើវិស័យទេសចរណ៍ គឺជារឿងសំខាន់ខ្លាំងណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះថាយើងមិនចង់បានតែភ្ញៀវថ្មីៗនោះទេ យើងក៏បានដែលភ្ញៀវដែលធ្លាប់មកហើយ នៅតែចង់បន្តមកលេងកម្ពុជាទៀត”។លោកស្រីបន្ថែមថា “ដូច្នេះដើម្បីចង់ឱ្យពួកគាត់ចង់មកទស្សនាកម្សាន្ត នៅកម្ពុជាទៀត យើងត្រូវតែបង្កើតផលិតផលថ្មីៗ ជាបញ្ហាចម្បង សម្បូរបែប”។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា “ចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ គឺគុណភាពនៃសេវាកម្មទេសចរណ៍ ដោយក្នុងនោះមានការងារជាច្រើន មិនថាក្នុងមួយផ្នែកណាមួយ អាចទាក់ទាញភ្ញៀវទេសចរ បាននោះទេសម្រាប់កម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន រួមមាន តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍កែច្នៃ ដូច្នេះ សម្រាប់តំបន់ទាំងនេះ ប្រសិនបើមិនព្យាយាមកែច្នៃនោះទេ ប្រាកដណាស់នឹងមិនអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់វ័យនោះទេ។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់បន្ថែមថា “យើងមិនចង់ឃើញភ្ញៀវទេសចរអន្តរជាតិចូលមកយើង គាត់ស្ពាយការចំណាយរបស់គាត់ទៅចំណាយនៅប្រទេសផ្សេងនោះទេ។ អញ្ចឹងដើម្បីទាក់ទាញពួកគាត់អាចស្នាក់នៅបានយូរ គាត់ចាយវាយឱ្យអស់លទ្ធភាពរបស់គាត់ យើងត្រូវតែមានសេវាកម្មសម្បូរបែបទាំងអស់”៕