ខេត្តកែបរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុងនៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិប្រចាំឆ្នាំ២០២១

ដោយ៖ សុផារី

កែប៖ ខេត្តកែបបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលជាប្រភេទកីឡាមួយនៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ក្រោមការដឹកនាំរៀបចំដោយអភិបាលខេត្តកែប សោម ពិសិដ្ឋ សហការជាមួយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ នៅលើទីតាំងឆ្នេលេងទឹក។


ព្រឹត្តិការណ៍ប្រកួតនេះ រួមមាន កីឡាករ-កីឡាការិនីជាអត្ថពលិកចំនួន៧៦រូប មកពីក្លឹបចំនួន១០ គឺក្លឹបក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អនុវិទ្យាល័យត្រពាំងសាលា ក្លឹបត្រពាំងឈូក មហាជន ខេត្តកែប ស្គីក្តារ ស្គីកង់ RIANT, Survival Swim Club Siem Reap និង ANGKOR TRI ACARDEME។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសប្រកួតនោះ លោកស្រី ម៉ក់ វ៉ាន់ស៊ីថា អគ្គលេខាធិការរងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ មាន៦វិញ្ញាសា រួមមាន៖

ទី១-២៖ វិញ្ញាសាទ្រីយ៉ាត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹកចម្ងាយ៧៥០ម៉ែត្រ រួចជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងរត់ប្រណាំង៥គីឡូម៉ែត្រ។

ទី៣-៤៖ វិញ្ញាសាឌូអាត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយរត់ប្រណាំង៥គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ២០គីឡូម៉ែត្រ។

ទី៥-៦៖ វិញ្ញាសាអាគ័តត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹក៣៥០ម៉ែត្រ និងរត់ប្រណាំង២.៥គីឡូម៉ែត្រ។

លោកស្រីបានបញ្ជាក់ថា តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២១នេះ ជាការប្រកួតសម្រិតសម្រាំងចុងក្រោយ ដើម្បីជ្រើសកីឡាករមានសមត្ថភាពចំនួន១៤រូប ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតស៊ីហ្គែម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងជាការត្រៀមកីឡាករសម្រាប់ស៊ីហ្គែមឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងនោះខេត្តកែបក៏ជាខេត្តគោលដៅមួយក្នុងការត្រៀមជាម្ចាស់ផ្ទះសម្រាប់វិញ្ញាសាកីឡាទ្រីយ៉ាត្លុងផងដែរ។

ក្នុងឱកាសបើកព្រឹត្តិការណ៍ប្រគួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកប្រចាំឆ្នា២០២១នេះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកឡើងថា ការជ្រើសរើសខេត្តកែបជាខេត្តគោលដៅប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិប្រចាំឆ្នាំ២០២១ និងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គែមលើវិញ្ញាសាទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ នឹងធ្វើឱ្យកីឡាករ-កីឡាការនីបានសម្របខ្លួនជាមួយទីតាំងនៃការប្រកួតប្រជែងស៊ីហ្គែមនាពេលខាងមុខ។

ទន្ទឹមនោះ លោកអភិបាលខេត្តក៏បានណែនាំដល់កីឡាករ-កីឡាការិនីខិតខំសម្រួចឆន្ទៈ បញ្ចេញឱ្យអស់សមត្ថភាព និងកម្លាំងកាយចិត្ត ដណ្តើមយកមេដាយប្រកបដោយយុត្តិធម៌ គោរពតាមលក្ខន្តិកៈនៃការប្រកួត៕

LEAVE A REPLY

Please enter your comment!
Please enter your name here