ដោយ៖ សុផារី
ថៃ៖ នៅក្នុងជំនួបរវាងលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក សុផាត់ពង្ស ផាន់មីឆាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងថាមពលរបស់ថៃ កម្ពុជា-ថៃ ជជែកពីការផ្លាស់ប្តូរយោបល់រកវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។
កិច្ចប្រជុមនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ និងផ្លាស់ប្តូរទស្សនៈយោបល់ ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិកូវីដ១៩។
ភាគីទាំងពីរ ក៏បានពិភាក្សាទាក់ទិនការពង្រឹងកិច្ចសហប្រតិបត្តិខាងផ្នែកវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ និងដំណើរការស្ថានីយប្រេងឥន្ធនៈ និងហាងការហ្វេរបស់ក្រុមហ៊ុន PTT នៅក្នុងកម្ពុជា។
លោក សុផាត់ពង្ស ផាន់មីឆាវ ក្នុងជំនួបនេះ ក៏បានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍មកលើសក្តានុពលវិស័យទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា។ លោកបានបញ្ជាក់ថា កម្ពុជា ជាប្រទេសដ៏អស្ចារ្យមួយដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែបផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ដែលជាឱកាសដ៏ពិសេសក្នុងការស្រូបទាញវិនិយោគិនបរទេសមកវិនិយោគលើសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមទៀតឲ្យស្របទៅនឹងនិន្នាការទេសចរក្នុងអំឡុងប្រក្រតីភាពនៃគន្លងថ្មីទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។
ពាក់ព័ន្ធវិស័យទេសចរណ៍នេះ លោក សុខ សុក្រឹត្យា បានគូសបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថាជា «មាសបៃតង» ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ អភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍នេះផងដែរ៕