រដ្ឋមន្រ្តីពាណិជ្ជកម្មៈ សេដ្ឋកិច្ចឌីជីថលបានក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ដោយៈម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានថ្លែងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋឌីជីដល បានក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការ​រស់នៅប្រចាំថ្ងៃរបសប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការប្រែក្លាយអាស៊ាន ទៅជាសហគមន៍ឌីជីថលឈានមុខ ការត្រួតពិនិត្យលើផែនការការងារស្តីពី ការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានបន្តថា ដោយ​សារតែកំណើននៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មានការកើនឡើង នៅគ្រប់បណ្តារដ្ឋក្នុងតំបន់អាស៊ាន ដូច្នេះហើយអាស៊ានបានរួមគ្នាចរចារ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកិច្ចព្រមព្រៀងតំបន់ដ៏មានសារៈសំខាន់ និងត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋសមាជិកអាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

កិច្ចព្រមព្រៀងនេះ មានគោលបំណងបីសំខាន់ៗ រួមមាន ទី១ ដើម្បីសម្រួលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ទី២ ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងទី៣ ជំរុញកំណើនប្រកបដោយបរិយាបន្ន និងកាត់បន្ថយគម្លាត នៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (Asian Trade Centre-ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់មកពីបណ្តារដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ និងវិស័យឯកជននានាជាច្រើនរូប។

លោកប៉ាន សូរស័ក្តិបានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្ត ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ានស្ពីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាក់ស្ដែងកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ច្បា​ប់​ស្តី ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងអាស៊ានស្ពីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here