ក្រុមហ៊ុន Ford គ្រោងវិនិយោគ ៩០០លានដុល្លារធ្វើទំនើបកម្មរោងចក្រនៅថៃ ក្រោយសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុន Ford Motor Co មានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ៩០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនានានៅប្រទេ​សថៃ ដែលផលិតរថយន្ត Pick-up ម៉ូឌែល Ford Ranger និងរថយន្ត SUV ម៉ូឌែល Ford Everest របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៨ ធ្នូ នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណឹងអំពីគម្រោងបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះកើតមានឡើង ក្រោយពីក្រុមហ៊ុនផលិតរថយន្តអាមេរិក ទំហំយក្សមួយនេះបានបោះទុនវិនិយោគចំនួន២១លានដុល្លារ ដើម្បីសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដំបូងបង្អស់នៅកម្ពុជា ដែលជិតបញ្ចប់ជាស្ថាពរហើយគិតត្រឹមចុងឆ្នាំ២០២១ នេះ។

ផែនការវិនិយោគក្នុងប្រទេសថៃនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងក្រុមហ៊ុន Ford នៅប្រទេសប្រេស៊ីល ដែលបានបិទរោងចក្រចំនួន៣របស់ខ្លួន ក្នុងឆ្នាំនេះ ជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ទូទាំងពិភពលោកក្រោមទំហំចំណាយ១១ពាន់លានដុល្លារ និងជាយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការសម្រេចគោលដៅប្រាក់ចំណេញ ប្រតិបត្តិការទូទាំងពិភពលោកឱ្យបាន៨%។

ក្រុមហ៊ុន Ford ក៏នឹងដកខ្លួនចេញពីផលិតកម្ម ក្នុងប្រទេសឥណ្ឌាផងដែរ ដោយសារពិបាកនឹងទទួលបានប្រាក់ចំណេញ នៅក្នុងទីផ្សារនេះជាយូរមកហើយ។

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំបំផុតទី៤ ក្នុងតំបន់អាស៊ី ដែលគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១០%នៃផលិត​ផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្មរបស់ប្រទេសថៃ។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកGeneral Motors បានលក់រោងចក្ររបស់ខ្លួននៅប្រទេសថៃ ឱ្យទៅក្រុមហ៊ុនចិន Great Wall Motor ដែលបានចាប់ផ្តើមផលិតរថយន្តប្រភេទ SUV និងមានគម្រោងផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសថៃ PTT Pcl បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគពី ១.០០០ ទៅ២.០០០លានដុល្លារ លើការបង្កើតរោងចក្រមួយ ដើម្បីផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here