ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញនៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់។
អង្គប្រជុំបានពិភាក្សាលើនីតិវិធី បែបបទ និងសេចក្តីព្រាងច្បាប់ ព្រមទាំងសេចក្តីថ្លែងហេតុ សម្រាប់ដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី ផ្តល់ការអនុម័តយល់ព្រម ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសុំការពិនិត្យ និងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។
ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុង លើសេចក្តីព្រាងនៃឯកសារខាងលើ និងរៀបចំបន្តនីតិវិធីតាមការចាំបាច់។
លោកសុខ សុភ័ក្របានថ្លែងអំណរគុណដល់តំណាង ក្រុមប្រឹក្សាអ្នកច្បាប់ ដែលបានចំណាយពេលវេលា ចូលរួមកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ទាំងពីរនេះ និងសេចក្តីថ្លែងហេតុឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕