ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំថតស្បត វីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ធ្នូកន្លងមកនេះ បានដឹកនាំដោយលោកម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះបានផ្តោតលើចំនុចសំខាន់ៗដូចជា៖
១.ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
២.បង្កើនការទាក់ទាញទេសចរណ៍
៣.បង្កើនការទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគ
៤.ជម្រុញការទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។
លោកម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ យើងត្រូវរួមគ្នាបង្ហាញពីសក្តានុពល និងគោលដៅទេសចរណ៍របស់ខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរតាមរយៈស្បតវីដេអូខ្លី នៃពីសក្តានុពលដ៏សម្បូរបែបរបស់យើង ទាំងនៅលើគោក និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាដើម ទន្ទឹមនោះក៏ត្រូវមានការចូលរួមពីវិស័យឯកជន ដែលបំរើការងារក្នុងវិស័យទេសចរណ៍ឱ្យទទួលបានជោគជ័យ។
លោកបន្តថា ការបង្ហាញពីសក្តានុពលធម្មជាតិ របស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បីចូលរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ដែលជាមូលដ្ឋានបំរើឱ្យវិស័យទេសចរណ៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ តាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុខភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរជាដើម៕