បើចង់់បើកអាជីវកម្ម តើអ្នកបានត្រៀមខ្លួនប្រឈមនឹងហានិភ័យទាំងនេះហើយឬនៅ?

ដោយ៖ សុផារី

ភ្នំពេញ៖ គ្មានការវិនិយោគណាដែលមិនមានហានិភ័យទេ ប៉ុន្ដែហានិភ័យអាចទាប ឬខ្ពស់ គឺអាស្រ័យលើអ្វីដែលអ្នកសម្រេចចិត្តវិនិយោគលើ ហើយអ្នកស្គាល់ច្បាស់ពីវាដល់កម្រិតណា។

ហានិភ័យក្នុងការវិនិយោគ បើនិយាយឲ្យចំទៅគឺសំដៅដល់ លទ្ធភាពនៃការខាតទុន ឬការតបស្នងផលចំណេញទាបជាងការរំពឹងទុក។ ប្រភេទហានិភ័យទាំង ៥ នោះមានដូចជា៖

១. ហានិភ័យទីផ្សារ
វាអាចកើតឡើងនៅពេលមានបម្រែបម្រួលសេដ្ឋកិច្ច ឬកត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់ទីផ្សារទាំងមូល ធ្វើឲ្យតម្លៃទិញ-លក់មានការធ្លាក់ចុះ។ ជាក់ស្ដែង ប្រភេទទ្រព្យសកម្មគឺមិនធ្លាប់ផ្សាំខ្លួនជាមួយហានិភ័យទីផ្សារទេ ព្រោះតម្លៃនៃភាគហ៊ុន ប័ណ្ណបំណុល អចលនទ្រព្យ មាស និងទំនិញផ្សេងៗទៀតគឺតែងប្រែប្រួលគ្រប់ពេល។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការបម្រែបម្រួលទីផ្សារបានទេ ប៉ុន្ដែការធ្វើពិពិធកម្មក្នុងការវិនិយោគអាចការពារហានិភ័យ ឬការខាតទុនធ្ងន់ធ្ងរបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ហានិភ័យអតិផរណា
អតិផរណា អាចលេបយកផលចំណេញរបស់អ្នកបានតាមវេលា ព្រោះការវិនិយោគឺដើរមិនទាន់ជាមួយការធ្លាក់តម្លៃលុយទេ។ លុយ ១០០ ដុល្លារ អាចនឹងច្រើនសម្រាប់អ្នកនៅថ្ងៃនេះ ប៉ុន្ដែវានឹងធ្លាក់ថ្លៃនៅពេលខាងមុខ។ ជាទូទៅ ប្រភេទវិនិយោគដូចជា ភាគហ៊ុន និងអចលទ្រព្យគឺអាចការពារអតិផរណាបាន ព្រោះក្រុមហ៊ុនអាចបន្ថែមតម្លៃទិញ-លក់ទំនិញពីអតិថិជន ខណៈដែលម្ចាស់ដី (ឬផ្ទះ..) អាចបន្ថែមតម្លៃលក់ ឬជួលបាន។

៣. ហានិភ័យសាច់ប្រាក់
វាកើតឡើងនៅពេលអ្នកត្រូវការសាច់ប្រាក់បន្ទាន់ ហើយក៏ត្រូវលក់ទ្រព្យរបស់អ្នកក្នុងតម្លៃមួយដែលទាបជាងតម្លៃដើម។ ក្នុងករណីនេះ អ្នកអាចចៀសវាងការខាតទុនបាន ដោយមិនយកលុយទាំងអស់ដែលមានក្នុងខ្លួនទៅវិនិយោគ គួរបែងចែកទុកសាច់ប្រាក់សម្រាប់បង្វិលពេលមានអាសន្ន នោះអ្នកនឹងមិនខាតព្រោះត្រូវលក់ទ្រព្យក្នុងពេលទីផ្សារមានការធ្លាក់ថ្លៃ។

៤. ហានិភ័យឥណទាន
ជាហានិភ័យដែលកើតឡើងនៅពេលក្រុមហ៊ុនដែលដាក់លក់ប័ណ្ណបំណុលជួបប្រទះបញ្ហា ហើយពួកគេមិនអាចផ្ដល់ឲ្យអ្នកនូវការប្រាក់ ឬប្រាក់ដើមទាំងអស់ដែលអ្នកបានដាក់វិនិយោគ (ទិញប័ណ្ណបំណុល) បាន។ មុនសម្រចចិត្តវិនិយោគលើប័ណ្ណបំណុលរបស់ក្រុមហ៊ុនមួយ អ្នកអាចធ្វើការវាយតម្លៃ ដោយត្រួតពិនិត្យលើរបាយការឥណទាននៃប័ណ្ណបំណុល។

៥. ហានិភ័យរយៈពេល
ជាធម្មតា នៅពេលអ្នកវិនិយោគលើអ្វីមួយ គឺតែងកំណត់ពេលវេលាជាក់លាក់ដើម្បីទទួលការតបស្នងផលចំណេញខ្ពស់ ប៉ុន្ដែអ្នកអាចនឹងខាតប្រសិនបើអ្នកត្រូវលក់វាមុនកាលកំណត់ ឬលក់ចេញនៅពេលទីផ្សារកំពុងធ្លាក់ថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here