ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុន AEON Mall Group បាននិងកំពុងរៀបចំផែនការចំណាយប្រាក់រហូតដល់៦០លានដុល្លារអាមេរិក ដើម្បីធ្វើការកែលំអរផ្សាររបស់ខ្លួនឡើងវិញ។
ប្រធានក្រុមហ៊ុនសាងសង់មួយរូប ដែលបានទទួលការងារមួយចំនួនពីក្រុមហ៊ុន NOJIMA ដែលជាក្រុមហ៊ុនជប៉ុន ហើយទទួលបានសិទ្ឋផ្តាច់មុខ ក្នុងការកែលំអរផ្សារនេះបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការកែលំអរផ្សារនេះបាន និងកំពុងចាប់ផ្តើមហើយ ដោយផែនការកែលំអរនេះ គ្រោងចំណាយរយៈពេល២ឆ្នាំទើបបញ្ចប់។
លោកបន្តថា “ការកែលំអរនេះនឹងធ្វើឡើងតាមជំហ៊ានៗ និងតាមផ្នែកនិមួយៗដែលមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ផ្សារនេះនោះទេ”។ លោកបន្តថា “ការកែលំអរនេះនឹងធ្វើគ្រប់ជាន់និមួយៗ និងកែលំអរចំណតយានយន្តផ្នែកខាងក្រោយ ព្រមទាំងចំណតយានយន្តផ្នែកខាងលើដំបូងផងដែរ ដែលពេលអនាគតជាន់លើដំបូលអាចមានភោជនីយដ្ឋាន និងតន្រ្តីបែបក្លាសិកផងដែរ”។
លោកប្រធានក្រុមហ៊ុនដដែលបានបន្តថា ក្រុមហ៊ុន NOJIMA ដែលមានទីស្នាក់ការប្រចាំតំបន់ នៅប្រទេសវៀតណាមកំពុងផ្តល់ការងារនេះ ដល់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះ ដំណើរការលឿនតាមផែនការគ្រោងទុក។ លោកបន្តថា តាមធម្មតាផ្សារទំនើបនិមួយៗ តែងតែមានការកែលំអររៀងរាល់១០ឆ្នាំម្តង ដើម្បីបង្កើនសោភ័ណភាពស្របតាមសម័យកាល និងទាក់ទាញអតិថិជនកាន់តែច្រើន។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ផ្សារទំនើបនិមួយៗពិតជាទាមទារការកែលំអរ លើកកំពស់សោភ័ណភាព និងបង្កើតអ្វីថ្មីៗ ដើម្បីទាក់ទាញអតិថិជនជាប្រចាំផងដែរ។
អ្នកស្រីបន្តថា “ទោះជាយ៉ាងណាទំហំនៃការផ្គត់ផ្គង់ផ្សារទំនើប នៅរាជធានីភ្នំពេញបានលើសតម្រូវការហើយនាពេលនេះ ដែលទាមទារឲ្យអ្នកវិនិយោគ ត្រូវគិតគូរឲ្យបានច្រើនលើភាពប្រកួតប្រជែង និងសាងសង់ផ្សាររបស់ខ្លួនឲ្យមានភាពទាក់ទាញ”៕